Feature

អ្នកនាំពាក្យ៖ ក្រសួងការងារ សម្របសម្រួលដោះស្រាយដោយបានធានា និងផ្តល់អត្ថប្រយោជន៍ជូនបងប្អូនកម្មករបានត្រឹមត្រូវ និងប្រសើរជាងច្បាប់ ខណៈដែលឱកាសការងារថ្មីៗកំពុងរង់ចាំ

បន្ទាយមានជ័យ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (MLVT) បានសម្របសម្រួលដោយជោគជ័យលើករណីបញ្ឈប់ដំណើរការរបស់រោងចក្រ ហាយ-ថេក អឹភែរឹល (ខេមបូឌា) ឯ.ក. ដែលមានកម្មករនិយោជិតសរុបចំនួន ២,៥៣២នាក់ ដោយធានាឱ្យកម្មករទទួលបានសិទ្ធិ និងអត្ថប្រយោជន៍ស្របតាមច្បាប់ ព្រមទាំងអត្ថប្រយោជន៍បន្ថែមលើសច្បាប់សម្រាប់កម្មការិនីមានផ្ទៃពោះ និងអ្នកមានកូនតូច។ នេះគឺជាការអះអាងថារបស់លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦នេះ។

លោកស៊ុន មេសា បានអះអាងថាបងប្អូនកម្មករនិយោជិតនឹងទទួលបាន ១. ប្រាក់ឈ្នួលចុងក្រោយ ២. ប្រាក់បំណាច់ថ្ងៃឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់ ៣. ប្រាក់បំណាច់ជួសការជូនដំណឹងមុន ៤. ប្រាក់អតីតភាពការងារ ឆមាសទី២ ឆ្នាំ២០២៦ ចំនួន ៧.៥ថ្ងៃ និង ៥. អត្ថប្រយោជន៍បន្ថែមសម្រាប់កម្មការិនីមានផ្ទៃពោះ និងអ្នកមានកូនតូច។ ជាពិសេស កម្មការិនីមានផ្ទៃពោះ នឹងបន្តទទួលបានការបង់ភាគទាន ប.ស.ស. រហូតដល់ថ្ងៃសម្រាល និងទទួលបានប្រាក់ឈ្នួលចំនួន ៥០% រយៈពេល ៩០ថ្ងៃ ទោះបីជាបន្តធ្វើការនៅរោងចក្រថ្មី ឬសម្រាកនៅផ្ទះក៏ដោយ។ ចំណែកកម្មការិនីដែលមានកូនអាយុពី ១៨ខែ ដល់ ៣៦ខែ នឹងទទួលបានប្រាក់ឧបត្ថម្ភបន្ថែម ៥ដុល្លារអាមេរិកក្នុងមួយខែដែលនេះ គឺជាអត្ថប្រយោជន៍ដែលបងប្អូនទទួលបានអត្ថប្រយោជន៍ប្រសើរជាងច្បាប់។

លោក ស៊ុន មេសាបញ្ជាក់ថា៖ «ជាកិច្ចការងារអាទិភាពរបស់ក្រសួងការងារ ក៏ដូចជាឯកឧត្តមរដ្ឋមន្ត្រីផ្ទាល់ក្នុងនាមជាឪពុកម្តាយ អ្វីដែលក្រសួងគិតគូរយ៉ាងសំខាន់បំផុត គឺការធានាថាបងប្អូនកម្មករនិយោជិត គ្រប់រូបត្រូវបានគោរពសិទ្ធិ និងអត្ថប្រយោជន៍របស់ខ្លួនយ៉ាងពេញលេញ ដោយទទួលបានស្របតាមច្បាប់ និងមានឱកាសបន្តការងារថ្មីភ្លាមៗដើម្បីបន្តពង្រឹងជីវភាពរបស់បងប្អូនឱ្យកាន់តែប្រសើរ បើទោះបីការបើក-បិទរោងចក្រ គឺជាដំណើរធម្មជាតិនៃអាជីវកម្ម ប៉ុន្តែក្រសួងការងារពិតជាមិនចង់ឃើញនោះឡើយ»។

លោក ស៊ុន មេសា បានរំលឹកបន្តថា ចាប់តាំងពីក្រុមហ៊ុន បានជូនដំណឹងអំពីការបញ្ឈប់ដំណើរការ មន្ត្រីជំនាញនៃក្រសួង តាមរយៈនាយកដ្ឋានវិវាទការងារ សហការជាមួយមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបន្ទាយមានជ័យ អាជ្ញាធរមូលដ្ឋាន តំណាងសហជីព និងនិយោជក បានបើកកិច្ចប្រជុំ និងសម្របសម្រួលជាបន្តបន្ទាប់ រហូតឈានដល់ការព្រមព្រៀងដោយមានការទទួលយកពីបងប្អូនកម្មករនិយោជិតនិងតំណាងសហជីពរួចហើយ។

ជាមួយគ្នានេះ បងប្អូនកម្មករនិយោជិត អាចចាប់ផ្តើមផ្តិតមេដៃទទួលប្រាក់ចាប់ពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ហើយប្រាក់អត្ថប្រយោជន៍នេះនឹងត្រូវវេរចូលគណនីធនាគារក្នុងរយៈពេល ៤៨ម៉ោង បន្ទាប់ពីបានចុះហត្ថលេខា ឬផ្តិតមេដៃ។
បើតាមលោក ស៊ុន មេសា ដដែល ក្រសួង បានសហការជាមួយរោងចក្រ និងសហគ្រាសនៅតាមបណ្តាខេត្តជិតខាង ដើម្បីទទួលយកកម្មករនិយោជិតទៅបន្តការងារភ្លាមៗ ខណៈទីផ្សារការងារនៅទូទាំងប្រទេសកំពុងមានតម្រូវការកម្លាំងពលកម្មប្រមាណជាង ៩,២ម៉ឺនកន្លែង។

បន្ថែមពីនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបន្តតាមដាន និងសម្របសម្រួលយ៉ាងយកចិត្តទុកដាក់លើការទូទាត់អត្ថប្រយោជន៍ជូនកម្មករនិយោជិតឱ្យបានម៉ឺងម៉ាត់ និងទទួលបានឱកាសការងារភ្លាមៗ។ នេះគឺជាការអះអាងរបស់លោក ស៊ុន មេសាអ្នកនាំពាក្យក្រសួងការងារដដែល៕

To Top