សម្តេចធិបតី បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តកិច្ចសហការជាមួយអាម៉េរិក ប្រយុទ្ធប្រឆាំងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ជាថ្មី ជាមួយ នាយកទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FBI) នៃសហរដ្ឋអាម៉េរិក នូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាម៉េរិក ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន, ការជួញដូរគ្រឿងញៀន និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ការគូសបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសអនុញ្ញាតឱ្យ លោក Kash Patel នាយកទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FBI) នៃសហរដ្ឋអាម៉េរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦នៅវិមានសន្តិភាព។


ក្នុងជំនួបខាងលើនេះ លោក Kash Patel បានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា សម្រាប់កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូយ៉ាងជិតស្និទ្ធជាមួយ FBI នាពេលកន្លងមក។ ទន្ទឹមនេះ, លោកបានកោតសរសើរកិច្ចខិតខំប្រឹងប្រែង និងប្រតិបត្តិការរបស់កម្ពុជា ក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

លោកនាយក FBI បានគូសបញ្ជាក់ថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមិនមែនជាបញ្ហាដាច់ដោយឡែក របស់ប្រទេសណាមួយឡើយ ។ ក្នុងន័យនេះ, លោកបានសង្កត់ធ្ងន់ថា គន្លឹះដ៏សំខាន់ក្នុងការដោះស្រាយបញ្ហានេះ គឺការប្តេជ្ញាចិត្ត និងកិច្ចសហប្រតិបត្តិការតំបន់ និងសកលលោក ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនេះ ជំនួសឱ្យការដាក់បន្ទុកឱ្យគ្នាទៅវិញទៅមក។ បន្ថែមលើនេះ,លោកបានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ របស់សហរដ្ឋអាម៉េរិក ក្នុងការបន្តកិច្ចសហប្រតិបត្តិការគាំទ្រ និងធ្វើការជាដៃគូ ជាមួយស្ថាប័នអនុវត្តច្បាប់របស់កម្ពុជា ព្រមទាំងបានបង្ហាញសុទិដ្ឋិនិយមថា ទំនាក់ទំនងសហរដ្ឋអាម៉េរិក-កម្ពុជា នឹងបន្តរីកចម្រើនកាន់តែខ្លាំងក្លាថែមទៀត។

ជាការឆ្លើយតប, សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពវិជ្ជមាន នៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក លើវិស័យជាច្រើន រួមមាន៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ, ការពារជាតិ និងសន្តិសុខ ជាដើម។

សម្តេចធិបតី បានបញ្ជាក់ថា ប្រទេសទាំងពីរ មានកិច្ចសហប្រតិបត្តិការល្អប្រសើរក្នុងវិស័យសន្តិសុខ ព្រមទាំងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាម៉េរិក ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន, ការជួញដូរគ្រឿងញៀន និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ សម្តេចធិបតី បានលើកលើងបន្ថែមថា កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅខែកញ្ញា ឆ្នាំ២០២៦ ដើម្បីរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការដោះស្រាយបញ្ហាប្រឈមតំបន់ និងសកលលោកនេះ។

ជាមួយគ្នានេះ, សម្តេចធិបតី បានថ្លែងអំណរគុណសហរដ្ឋអាម៉េរិក ចំពោះកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្តូរព័ត៌មាន និងការកសាងសមត្ថភាព ដល់មន្ត្រីអនុវត្តច្បាប់របស់កម្ពុជា នាពេលកន្លងមក។
សម្តេចធិបតី និងនាយក FBI ក៏បានផ្លាស់ប្តូរយោបល់អំពីទិសដៅការងារបន្ត សម្រាប់កិច្ចសហប្រតិបត្តិការសន្តិសុខរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក សំដៅប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន, ការជួញដូរគ្រឿងញៀន និងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយបានគូសបញ្ជាក់អំពីសារៈសំខាន់ នៃការបន្តផ្លាស់ប្តូរព័ត៌មាន និងកសាងសមត្ថភាពដល់មន្ត្រីអនុវត្តច្បាប់ផងដែរ៕









