Feature

លោកវរសេនីយ៍ឯក គឹម កល្យាណ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារចុះតាមដាន ត្រួតពិនិត្យ គាំទ្រ និងពង្រឹងប្រសិទ្ធភាពការងារប៉ុស្តិ៍នគរបាលរដ្ឋបាល ខេត្តពោធិ៍សាត់

ពោធិ៍សាត់ ៖ នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក គឹម កល្យាណ អនុប្រធាននាយកដ្ឋាន តំណាងលោកឧត្តមសេនីយ៍ទោ មាស លឹមតុង ប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារចុះតាមដាន ត្រួតពិនិត្យ គាំទ្រ និងពង្រឹងប្រសិទ្ធភាពការងារប៉ុស្តិ៍នគរបាលរដ្ឋបាលនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីវាយតម្លៃលទ្ធផលការងារដែលសម្រេចបាន កំណត់បញ្ហាប្រឈម និងដាក់ចេញទិសដៅបន្តសម្រាប់លើកកម្ពស់គុណភាពការងារប៉ុស្តិ៍នគរបាលរដ្ឋបាលឱ្យកាន់តែមានប្រសិទ្ធភាព។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ត្រី ហៀង ស៊ីថា ស្នងការរងផែនការងារសេនាធិការ តំណាងលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្ត លោក លោកស្រី នាយក នាយរងការិយាល័យជំនាញពាក់ព័ន្ធ លោក លោកស្រី អធិការ អធិការរងនគរបាលក្រុង.ស្រុក និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំង៤៩ ។

លោកវរសេនីយ៍ទោ សែម លាងហេង នាយរងការិយាល័យកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល នៃនាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល បានឲ្យដឹងថា ក្រោយការសហការចុះត្រួតពិនិត្យ តាមដានប៉ុស្តិ៍នគរបាលរដ្ឋបាល ចំនួន២០ ដោយប្រើរយៈ៥ថ្ងៃ លើការងារចុះតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តការងាររបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល ដោយផ្តោតលើការអនុវត្តតួនាទី ភារកិច្ច និងបទបញ្ជារបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ។

ការងារត្រួតពិនិត្យបានផ្តោតលើការរៀបចំរដ្ឋបាល ការគ្រប់គ្រងកម្លាំង ការបំពេញការងារជំនាញ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងការពង្រឹងទំនាក់ទំនងរវាងនគរបាលជាមួយប្រជាពលរដ្ឋ។

លោកនាយរងការិយាល័យ បានលើកឡើងថា ប៉ុស្តិ៍នគរបាលរដ្ឋបាលភាគច្រើនបានអនុវត្តការងារស្របតាមផែនការ និងបទបញ្ជាណែនាំ ដោយមានការយកចិត្តទុកដាក់លើការចុះមូលដ្ឋាន ការគ្រប់គ្រងមុខសញ្ញា ការបង្ការ បង្ក្រាបបទល្មើស និងការដោះស្រាយបញ្ហាប្រឈមនានាក្នុងមូលដ្ឋាន។

ទន្ទឹមនឹងនេះ ក៏នៅមានចំណុចខ្វះខាតមួយចំនួន ដែលត្រូវបន្តកែលម្អ ដូចជា ការរៀបចំឯកសាររដ្ឋបាល ការធ្វើបច្ចុប្បន្នភាពទិន្នន័យ ការគ្រប់គ្រងស្ថិតិ ការអនុវត្តលិខិតបទដ្ឋាន ការរៀបចំបរិវេណការិយាល័យ និងការពង្រឹងវិន័យ ក្រមសីលធម៌ និងការទទួលខុសត្រូវរបស់មន្ត្រី។

ក្រុមការងារ ក៏បានផ្តល់នូវអនុសាសន៍សំខាន់ៗមួយចំនួន រួមមាន ការបន្តពង្រឹងការគ្រប់គ្រងរដ្ឋបាល ការរៀបចំកម្លាំងប្រចាំការ ការបង្កើនគុណភាពនៃការផ្តល់សេវាសាធារណៈ ការចុះជាប់ជាប្រចាំជាមួយប្រជាពលរដ្ឋ ការបង្ការ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» និងការប្រើប្រាស់ប្រព័ន្ធព័ត៌មានឱ្យមានប្រសិទ្ធភាព។

ក្នុងឱកាសនោះ លោកវរសេនីយ៍ឯក គឹម កល្យាណ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ និងកម្លាំងនគរបាលនៅតាមប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលបានអនុវត្តការងារប្រកបដោយស្មារតីទទួលខុសត្រូវ។

លោកក៏បានណែនាំឱ្យបន្តអនុវត្តអនុសាសន៍ដែលបានដាក់ចេញ ដោយយកចិត្តទុកដាក់លើការពង្រឹងសមត្ថភាពមន្ត្រី ការគ្រប់គ្រងរដ្ឋបាល ការបម្រើប្រជាពលរដ្ឋ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមនៅមូលដ្ឋាន ឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ៕

អត្ថបទដោយ÷ ស្នងការនគរបាលខេត្តពោធិ៍សាត់ ខេម៉ា | ដើមអម្ពិល

To Top