វៀតណាមបង្កើនល្បឿននៃការនាំចេញ ដើម្បីសម្រេចឱ្យបានតាមគោលដៅប្រាក់នៃចំណូលពីការនាំចេញចំនួន ៥៥០ ពាន់លានដុល្លារអាមេរិក
បរទេស៖ វៀតណាមកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាសន្ទុះនៃការនាំចេញនៅក្នុងឆមាសទីពីរនៃឆ្នាំ២០២៦ ខណៈពេលដែលប្រទេសនេះកំពុងដៅឆ្ពោះទៅរកគោលដៅចំណូលពីការនាំចេញចំនួន ៥៥០ ពាន់លានដុល្លារអាមេរិកសម្រាប់ឆ្នាំនេះ ទោះបីជាមានភាពមិនប្រាកដប្រជាបន្តបន្ទាប់នៅក្នុងពាណិជ្ជកម្មសកលក៏ដោយ។
យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ថា ទិន្នន័យស្ថិតិបង្ហាញថា ការនាំចេញសម្រេចបានចំនួន ២៦៦,៥ ពាន់លានដុល្លារ នៅក្នុងឆមាសទីមួយ ដែលមានន័យថា សេដ្ឋកិច្ចត្រូវស្វែងរកចំណូលឱ្យបានប្រហែល ២៤៥,៥ ពាន់លានដុល្លារបន្ថែមទៀត ក្នុងកំឡុងពេលដែលនៅសល់នៃឆ្នាំនេះ ដើម្បីសម្រេចឱ្យបានតាមគោលដៅប្រចាំឆ្នាំ។
វិស័យកសិកម្មនៅតែបន្តដើរតួជាទ្រនាប់ដ៏សំខាន់សម្រាប់ដំណើរការពាណិជ្ជកម្មរបស់វៀតណាម។ វិស័យនេះទទួលបានអតិរេកពាណិជ្ជកម្មជាង ៩ពាន់លានដុល្លារ នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ដែលគាំទ្រដោយការនាំចេញយ៉ាងខ្លាំងក្លានូវផលិតផលបន្លែផ្លែឈើ គ្រឿងសមុទ្រ កាហ្វេ អង្ករ ផលិតផលឈើ និងគ្រាប់ស្វាយចន្ទី។ សមាគមពាណិជ្ជកម្មជឿជាក់ថា ការបន្តពង្រីកទីផ្សារ និងការបង្កើនតម្លៃបន្ថែមលើផលិតផលកែច្នៃ នឹងជួយរក្សាកំណើន និងរុញច្រានវិស័យកសិកម្មឱ្យខិតទៅជិតគោលដៅនៃការនាំចេញឱ្យបាន ១០០ ពាន់លានដុល្លារ ត្រឹមឆ្នាំ២០២៧។
ទោះបីជាវៀតណាមបានកត់ត្រានូវឱនភាពពាណិជ្ជកម្មប្រហែល ១៦,៦៥ ពាន់លានដុល្លារ នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៦ ក៏ដោយ ក៏ក្រុមអ្នកជំនាញនិយាយថា តួលេខនេះគួរតែត្រូវមើលក្នុងបរិបទនៃការរីកចម្រើននៃផលិតកម្ម ជាជាងការធ្លាក់ចុះនៃការនាំចេញ។
ប្រែសម្រួលៈ ណៃ តុលា









