Feature

អគ្គនាយក ARDB លើកទឹកចិត្តដល់កសិករនៅស្រុករលាប្អៀរ ប្តូរផ្នត់គំនិតមកចិញ្ចឹមគោបែបពាណិជ្ជកម្ម និងតាមបច្ចេកវិទ្យាទំនើបវិញ ដើម្បីបង្កើនចំណូលកាន់តែច្រើន

កំពង់ឆ្នាំង ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្ដាញកសិករតេជោបានលើកទឹកចិត្តដល់ប្រជាកសិករនៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ឲ្យពិចារណាលើការចិញ្ចឹមសត្វក្នុងបរិបទថ្មីជាពិសេសគួរផ្លាស់ប្តូរពីការចិញ្ចឹមគោតាមបែបប្រពៃណីងាកមកចិញ្ចឹមតាមបែបពាណិជ្ជកម្មវិញ បូករួមទាំងបច្ចេកវិទ្យាទំនើបនិងទីផ្សារ ដែលនឹងបង្កើនប្រាក់ចំណូលកាន់តែច្រើន។

ការលើកទឹកចិត្តរបស់ លោកបណ្ឌិត កៅ ថាច ដូច្នោះ ក្នុងឱកាស អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករ ស្ថិតនៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ដែលមានការចូលរួមពី លោក ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត លោក ពេជ្រ កែវមុនី អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងដ៏ខ្ពង់ខ្ពស់ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង លោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរ ថ្នាក់ដឹកនាំ មន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត អាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាកសិករសរុបជាង ៦០០នាក់។

លោកបណ្ឌិត កៅ ថាច បានប្រាប់ដល់កសិករពីគន្លឹះសំខាន់ៗថា ការចិញ្ចឹមគោនាពេលបច្ចុប្បន្នបានឈានចូលដល់ដំណាក់កាលមួយដែលគេប្រើប្រាស់បច្ចេកវិទ្យាទំនើប ជាពិសេស ការបង្កាត់ពូជបែបសិប្បនិម្មិត អាចជួយឱ្យកសិករទទួលបានពូជគោសុទ្ធ មានគុណភាពល្អ បង្កើនអត្រាបង្កកំណើត ឈានដល់ការកាត់បន្ថយការចំណាយ បើធៀបនឹងការបង្កាត់ពូជតាមបែបប្រពៃណី។

លោកបណ្ឌិតប្រតិភូបានលើកឡើងទៀតថា សម័យនេះ ការចិញ្ចឹមគោត្រូវងាកមកប្រើបច្ចេកវិទ្យាទំនើប ការបង្កាត់ពូជសិប្បនិម្មិតអាចជួយឱ្យទទួលបានពូជល្អ ចំណាយតិច និងមិនចាំបាច់ដឹកគោទៅរកគោឈ្មោលដូចពីមុនទៀតឡើយ មានន័យថា គេយកស្ពើមគោឈ្មោលតែមួយម្ជុលតូចយកទៅចាក់មេគោគឺអាចបង្កើតកូនបានហើយ។

លើសពីនេះ លោកបណ្ឌិតប្រតិភូ បានរំលឹកថា ការចិញ្ចឹមគោយកកូនលក់ គឺជាមុខរបរដែលមានសក្តានុពលសម្រាប់កសិករ ដូច្នោះហើយ ប្រសិនបើអនុវត្តតាមបច្ចេកទេសត្រឹមត្រូវកូនគោអាចលក់បាន ក្រោយរយៈពេលប្រមាណ៦ខែ ក្នុងតម្លៃចន្លោះពី ៤ ទៅ ៦លានរៀល ក្នុងមួយក្បាល ជាពិសេស កូនគោញីមានតម្លៃទីផ្សារខ្ពស់ ព្រោះអាចយកទៅបន្តពូជ និងបង្កើនប្រាក់ចំណូលបានជាបន្តបន្ទាប់។

លើសពីនេះ លោកបណ្ឌិតប្រតិភូ ក៏បានលើកទឹកចិត្តឱ្យកសិករបន្តសិក្សាបច្ចេកទេសថ្មីៗតាមរយៈមន្ត្រីជំនាញ បណ្តាញសង្គម យូធូប និងប្រភពព័ត៌មានអាចទុកចិត្តបាន ដើម្បីអភិវឌ្ឍការចិញ្ចឹមគោឱ្យក្លាយជាអាជីវកម្មមានប្រសិទ្ធភាព និងមានការប្រកួតប្រជែងពោល ជាពិសេស ត្រូវដឹងពីថ្លៃដើមនៃការផលិត ក្នុងគោ១ក្បាលរកឲ្យឃើញ ទើបអាចដឹងពីភាពចំណេញឬខាត មុនសម្រេចចិត្តលក់នៅលើទៅផ្សារ៕

To Top