កងកម្លាំងអាមេរិក បេីកការវាយប្រហារបន្ថែមទៀត លើគោលដៅយោធាអ៊ីរ៉ង់ ខណៈហេដ្ឋារចនាសម្ព័ន្ធថាមពល ក្លាយជាគោលដៅវាយប្រហារ
វ៉ាស៊ីនតោន៖ បញ្ជាការកណ្តាលសហរដ្ឋអាមេរិក បានឧ្យដឹងថា កងកម្លាំងអាមេរិក បានចាប់ផ្តើមវាយប្រហារបន្ថែមទៀតប្រឆាំងនឹងគោលដៅយោធាអ៊ីរ៉ង់ នេះបើយោងតាម។
ការវាយប្រហារតាមអាកាសចុងក្រោយបំផុតបានចាប់ផ្តើមនៅម៉ោង ៥ និង ៣០នាទីល្ងាច ថ្ងៃពុធ នេះបើយោងតាមបញ្ជាការកណ្ដាលអាមេរិក បានប្រកាសនៅលេីបណ្ដាញសង្គម X។
បញ្ជាការកណ្ដាលអាមេរិក បានឧ្យដឹងថា “បេសកកម្មនេះនឹងបន្តធ្វើឱ្យសមត្ថភាពរបស់អ៊ីរ៉ង់ ក្នុងការគំរាមកំហែងដល់នាវិកស៊ីវិល និងនាវាពាណិជ្ជកម្ម ដែលធ្វើដំណើរឆ្លងកាត់ដែនទឹកក្នុងតំបន់ចុះខ្សោយបន្ថែមទៀត”។
នៅថ្ងៃពុធ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានគំរាមបំផ្លាញស្ពាន ឬរោងចក្រថាមពលនៅក្នុងប្រទេសអ៊ីរ៉ង់ រាល់ពេលដែលប្រទេសនេះ បាញ់ប្រហារទៅលើកប៉ាល់នៅច្រកសមុទ្រហ័រមូស។
លោក ត្រាំ បានសរសេរនៅលើបណ្ដាញសង្គម Truth Social របស់លោកថា “ចាប់ពីចំណុចនេះតទៅ រាល់ពេលដែលសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ បាញ់ប្រហារទៅលើកប៉ាល់មួយនៅក្នុងច្រកសមុទ្រហ័រមូស មិនថាដោយមីស៊ីល រ៉ុក្កែត យន្តហោះគ្មានមនុស្សបើក ឬឧបករណ៍ ឬអាវុធផ្សេងទៀតនោះទេ សហរដ្ឋអាមេរិកនឹងទម្លាក់គ្រាប់បែក និងបំផ្លាញស្ពាន ឬរោងចក្រថាមពលមួយ រួមទាំងស្ពាន ឬរោងចក្រថាមពលដែលមានទីតាំងនៅជាប់ ឬនៅក្នុងរដ្ឋធានីតេអេរ៉ង់”។
ជាការឆ្លើយតប ទីបញ្ជាការយោធាសំខាន់របស់អ៊ីរ៉ង់ គឺទីស្នាក់ការកណ្តាល Khatam al-Anbiya កាលពីថ្ងៃពុធ បានព្រមានថា ប្រសិនបើសហរដ្ឋអាមេរិក វាយប្រហារហេដ្ឋារចនាសម្ព័ន្ធអ៊ីរ៉ង់ អ៊ីរ៉ង់នឹងរារាំងការនាំចេញប្រេងទាំងអស់ពីអាស៊ីខាងលិច និងកំណត់គោលដៅលើប្រេង ឧស្ម័ន អគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចនៅទូទាំងតំបន់៕
ប្រែសម្រួល ឈូក បូរ៉ា









