ក្រសួងការងារ និងដៃគូអន្តរជាតិ បើកសិក្ខាសាលាថ្នាក់ជាតិ ដើម្បីផ្សព្វផ្សាយក្របខ័ណ្ឌផែនទី បង្ហាញផ្លូវរបស់កម្ពុជាសម្រាប់កាតាលីករសកល
ភ្នំពេញ៖ លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារអន្តរក្រសួងទទួលបន្ទុកជំរុញការអនុវត្តផែនទីបង្ហាញផ្លូវរបស់កម្ពុជា សម្រាប់កាតាលីករសកលស្តីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី «ការពង្រីកវិសាលភាពនៃការអនុវត្តរបបសន្តិសុខសង្គម និងការជំរុញការឈានចូលក្នុងប្រព័ន្ធសម្រាប់កម្មករនិយោជិត» នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា។ សិក្ខាសាលាដែលមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ អង្គការអន្តរជាតិ វិស័យឯកជន និយោជក សហជីព កម្មករនិយោជិត និងភាគីពាក់ព័ន្ធជាច្រើនរូប គឺដើម្បីផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងពីផែនទីបង្ហាញផ្លូវរបស់កម្ពុជា ពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី ក្នុងទិសដៅពង្រីកការគ្របដណ្តប់របបសន្តិសុខសង្គម និងពន្លឿនការជំរុញការឈានចូលក្នុងប្រព័ន្ធ ជាពិសេសសម្រាប់កម្មករនិយោជិតក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងបុគ្គលស្វ័យនិយោជន៍។

នាឱកាសនោះ លោកស្រី សុវណ្ណ វណ្ណារតន៍មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានអនុម័ត ផែនទីបង្ហាញផ្លូវរបស់កម្ពុជា សម្រាប់កាតាលីករសកល ស្តីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌ ឆ្នាំ២០២៥-២០២៨ ជាក្របខ័ណ្ឌយុទ្ធសាស្ត្រសម្រាប់ជំរុញការអនុវត្តគំនិតផ្តួចផ្តើមនេះ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដោយផ្តោតលើការបង្កើតការងារសមរម្យ ការអភិវឌ្ឍជំនាញ ការពង្រីកការគាំពារសង្គម ការជំរុញការឈានចូលក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងការកសាងទីផ្សារការងារប្រកបដោយបរិយាបន្ន ក្រោមគោលការណ៍ «មិនទុកនរណាម្នាក់ចោលឡើយ»។

លោកស្រីបានគូសបញ្ជាក់ថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦ សមាជិក ប.ស.ស. បានកើនដល់ប្រមាណ ៣,៨លាននាក់ ខណៈរាជរដ្ឋាភិបាលកំពុងបន្តពង្រីកវិសាលភាពរបបសន្តិសុខសង្គម និងជំរុញការឈានចូលក្នុងប្រព័ន្ធ ដើម្បីធានាឱ្យកម្មករនិយោជិតទទួលបានការងារសមរម្យ ប្រាក់ចំណូលកាន់តែប្រសើរ និងការគាំពារសង្គមកាន់តែរឹងមាំ ព្រមទាំងកាត់បន្ថយអត្រាការងារក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធមកនៅត្រឹម ៧០% នៅឆ្នាំ២០២៨។

ជាមួយគ្នានេះ លោកស្រី សុវណ្ណ វណ្ណារតន៍ បានអំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន អង្គការអន្តរជាតិ អង្គការសង្គមស៊ីវិល និងសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ បន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ដើម្បីរួមគ្នាពង្រីកវិសាលភាពរបបសន្តិសុខសង្គម និងលើកកម្ពស់ការងារសមរម្យឱ្យទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាព និងចីរភាព។

ក្នុងឱកាសនេះដែរ តំណាងអង្គការអុកស្វាម និងអង្គការ ILO ដែលសហការរៀបចំសិក្ខាសាលានេះ ក៏បានបញ្ជាក់ពីការបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តផែនទីបង្ហាញផ្លូវ និងក្របខ័ណ្ឌគោលនយោបាយពាក់ព័ន្ធ ដើម្បីពង្រឹងការគាំពារសង្គម សិទ្ធិការងារ និងការងារសមរម្យប្រកបដោយបរិយាបន្ន៕












