អ្នករាយការណ៍ពិសេស អ.ស.ប បារម្ភពីស្ថានភាព សិទ្ធិមនុស្សតាមព្រំដែន
ភ្នំពេញ ៖ លោក Thomas Andrews អ្នករាយការណ៍ពិសេសទទួលបន្ទុក ស្ថានភាពសិទ្ធិមនុស្សរបស់ (អ.ស.ប)ប្រចាំកម្ពុជា បានបង្ហាញក្តីបារម្ភជាខ្លាំង ចំពោះស្ថានភាពសិទ្ធិមនុស្ស នៅតាមព្រំដែនកម្ពុជា-ថៃ ។

ក្នុងឱកាសអនុញ្ញាតឱ្យលោក Thomas Andrews ចូលជួបពិភាក្សាការងារលោក កែវ សុទ្ធិ អនុប្រធានគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា សង្កត់ធ្ងន់អំពីសកម្មភាព ឈ្លានពាន របស់យោធាថៃ មកលើទឹកដីកម្ពុជា ដែលបង្កឱ្យមានជនភៀស សឹកជាង ៦៤០ ០០០ នាក់។ ទោះបីជាមានកិច្ចព្រមព្រៀង ស្តីពីបទឈប់បាញ់រវាងប្រទេសកម្ពុជា និងប្រទេសថៃ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏រហូតមកដល់បច្ចុប្បន្នជនភៀសសឹកកម្ពុជា ចំនួនជាង ២០ ០០០ នាក់ មិនអាចត្រឡប់ទៅលំនៅឋានវិញបាន ដោយសារការរាយ បន្លាលួស ការដាក់ទូរកុងតឺន័រ ការកម្ទេចផ្ទះសម្បែង របស់ប្រជាពលរដ្ឋ ការកាន់កាប់ដោយខុសច្បាប់របស់ យោធាថៃលើទឹកដីកម្ពុជា។

លោកបន្តថា ការណ៍នេះ គឺជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ពីសំណាក់យោធាថៃ និង ការព្យាយាមបង្កើតតថភាពថ្មីនៅនឹងកន្លែង ។ ឯកឧត្តម កែវ សុទ្ធិ បានលើកឡើងពីជំហរ របស់ប្រទេសកម្ពុជាក្នុងការដោះស្រាយជម្លោះនេះ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ជាពិសេសការ ប្រើប្រាស់យន្តការកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា-ថៃ ។

ចំពោះការលើកឡើងរបស់មន្រ្តីជាន់ខ្ពស់ផ្នែកសិទ្ធិមនុស្សបែបនេះ លោក Thomas Andrews បានសម្តែងនូវក្តីបារម្ភចំពោះស្ថានភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន ។ ដោយបានគូសបញ្ជាក់យ៉ាងច្បាស់ៗថា លោកនឹងចុះទៅពិនិត្យស្ថានភាពសិទ្ធិមនុស្ស របស់ជនភៀសសឹកកម្ពុជាដោយផ្ទាល់៕









