តម្លៃប្រេងឡើងលើសពី ១០០ ដុល្លារ មួយបារ៉ែល ខណៈការវាយប្រហារ របស់ក្រុមហ៊ូទីបង្កើនហានិភ័យ ដល់ការផ្គត់ផ្គង់នៅមជ្ឈិមបូព៌ា
បរទេស៖ តម្លៃប្រេងបានបិទការជួញដូរកាលពីថ្ងៃព្រហស្បតិ៍ គឺស្ថិតក្នុងកម្រិតលើសពី ១០០ ដុល្លារ ដែលជាលើកដំបូងបង្អស់គិតចាប់តាំងពីខែឧសភាមក បន្ទាប់ពីក្រុមហ៊ូទី (Houthi) របស់ប្រទេសយេម៉ែនបានប្រកាសថា ពួកគេបានវាយប្រហារលើនាវា ដឹកប្រេងរបស់អារ៉ាប៊ីសាអូឌីតចំនួនពីរគ្រឿង នៅក្នុងសមុទ្រក្រហម ដែលបង្កឱ្យមាន ការរំខានកាន់តែខ្លាំងដល់ការផ្គត់ផ្គង់ជាសកល ដើរទន្ទឹមគ្នានឹងការជិតផ្អាកទាំងស្រុង នៃការធ្វើពាណិជ្ជកម្មឆ្លងកាត់ច្រកសមុទ្រ ហរមូស (Hormuz)។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ថា តម្លៃប្រេងឆៅប្រភេទ Brent បានបិទការជួញដូរកើនឡើង ៦,៦២ ដុល្លារ ឬ ៧% ក្នុងតម្លៃ ១០០,៦៩ ដុល្លារក្នុងមួយបារ៉ែល ដែលជាតម្លៃបិទខ្ពស់បំផុតគិតចាប់តាំងពីថ្ងៃទី ២២ ខែឧសភា។ នាពេលបច្ចុប្បន្ននេះ តម្លៃប្រេងឆៅគោលជាសកលបានកើនឡើងជិត ៤០% បើធៀបទៅនឹងពេលដែលសង្គ្រាមអ៊ីរ៉ង់បានចាប់ផ្តើមក្នុងខែកុម្ភៈ ដោយក្នុងនោះទំហំនៃការកើនឡើងស្ទើរតែទាំងស្រុងគឺកើតមានឡើងនៅក្នុងខែនេះតែម្តង។
ចំណែកតម្លៃប្រេងឆៅ West Texas Intermediate (WTI) របស់សហរដ្ឋអាមេរិក ដែលបានបិទការជួញដូរគឺបានកើនឡើង ៥,៣៦ ដុល្លារ ឬ ៦,២% ក្នុងតម្លៃ ៩២,១៩ ដុល្លារក្នុងមួយបារ៉ែល ដែលជាតម្លៃបិទខ្ពស់បំផុតគិតចាប់តាំងពីថ្ងៃទី ៤ ខែមិថុនា។
អ្នកវិភាគទាំងឡាយបានប៉ាន់ប្រមាណថា ច្រកសមុទ្រ ហរមូស (Hormuz) និងច្រកសមុទ្រ បាប់ អែលម៉ានដេប (Bab el-Mandeb) ដឹកជញ្ជូនប្រេងក្នុងទំហំសមមូលនឹងប្រហែលមួយភាគបួននៃបរិមាណផ្គត់ផ្គង់ប្រេងសរុបនៅលើពិភពលោក។
ប្រែសម្រួលៈ ណៃ តុលា









