Feature

ក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតទី២លើពិភពលោក Volkswagen លើកឡើងពីការកាត់បន្ថយការងារច្រើនថែមទៀត ខណៈដែលដៃគូប្រកួតប្រជែងចិនខិតមកជិតទីផ្សារអឺរ៉ុប

បរទេស៖ លោក Oliver Blume នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Volkswagen បានថ្លែងកាលពីថ្ងៃសុក្រ បន្ទាប់ពីរាយការណ៍អំពីរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសចម្រុះថា ក្រុមហ៊ុន Volkswagen ត្រូវតែបង្កើនការកាត់បន្ថយចំណាយបន្ថែមទៀត ដើម្បីរក្សាភាពប្រកួតប្រជែងទល់នឹងម៉ាកយីហោចិន ដែលកំពុងតម្រង់ទិសដៅកាន់តែខ្លាំងឡើងមកលើទីផ្សារក្នុងស្រុករបស់ក្រុមនៃក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់មួយនេះ។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ថា ក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតទី ២ លើពិភពលោកមួយនេះ បានព្យាយាមស្វែងរកតុល្យភាពរវាងការបង្កើតទំនុកចិត្តដល់អ្នកវិនិយោគ និងការបង្ហាញពីហេតុផលដើម្បីធ្វើការកែទម្រង់រចនាសម្ព័ន្ធ ខណៈពេលដែលខ្លួនកំពុងប្រយុទ្ធប្រឆាំងនឹងបញ្ហាប្រឈមនៃពន្ធគយ ភាពទន់ខ្សោយនៅក្នុងទីផ្សារប្រទេសចិន និងកំពុងរៀបចំផែនការសម្រាប់ការបិទរោងចក្រមួយចំនួននៅប្រទេសអាល្លឺម៉ង់។

លោក Blume បាននិយាយដោយចង្អុលបង្ហាញពីគូប្រជែងជាង ១៥០ នៅក្នុងប្រទេសចិនថា៖ «នៅពេលយើងសម្លឹងមើលទៅអនាគត យើងមានហានិភ័យកាន់តែច្រើនឡើងៗ»។ លោកបានបន្ថែមដោយសំដៅលើទីផ្សារអឺរ៉ុបថា៖ «ហើយពួកគេទាំងអស់កំពុងចូលមកកាន់ទីផ្សារនេះ»។

លោក Blume បានស្នើឱ្យបង្កើនទ្វេដងនូវចំនួនកាត់បន្ថយការងារដែលធ្លាប់បានព្រមព្រៀងគ្នាកាលពីមុន ឱ្យឡើងដល់ ១០០ ០០០ នាក់ និងបានព្រមានថា រោងចក្រនៅអាល្លឺម៉ង់ចំនួន ៤ កំពុងស្ថិតក្នុងហានិភ័យនៃការបិទទ្វារ ក្រោយឆ្នាំ ២០៣០។ លោកបានប្រាប់អ្នកយកព័ត៌មានថា ភាគីពាក់ព័ន្ធទាំងអស់សុទ្ធតែបានដឹងអំពីហានិភ័យនាពេលបច្ចុប្បន្ននេះ។

ទោះជាយ៉ាងណាក៏ដោយ នាយកប្រតិបត្តិក្រុមហ៊ុន Volkswagen រូបនេះ បានបរាជ័យក្នុងការជំរុញផែនការកែទម្រង់រចនាសម្ព័ន្ធពេញលេញរបស់លោក នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលកាលពីដើមខែនេះ ដែលបានបើកផ្លូវឱ្យមានជុំពិភាក្សាដ៏តានតឹងមួយទៀតជាមួយសហជីពដ៏មានអំណាច បន្ទាប់ពីការចរចានាចុងឆ្នាំ ២០២៤ ដែលទទួលបានការព្រមព្រៀងលើការកាត់បន្ថយការងារ ៥០ ០០០ នាក់ដំបូង។

អ្នកវិភាគមួយចំនួនបាននិយាយថា ត្រីមាសទីពីរបានបង្ហាញពីស្ថិរភាព ដោយចំណូលទទួលបានខ្ពស់ជាងការព្យាករណ៍ ហើយក្រុមក្រុមហ៊ុនគឺស្ថិតនៅលើផ្លូវត្រូវក្នុងការកែលម្អរឹមប្រាក់ចំណេញប្រតិបត្តិការ (operating margin) របស់ខ្លួននៅឆ្នាំនេះ ឱ្យដល់កម្រិតព្យាករណ៍ពី ៤.០% ទៅ ៥.៥%។

ប្រែសម្រួលៈ ណៃ តុលា

To Top