ព័ត៌មានអន្តរជាតិ

គ្រាប់មីស៊ីលរបស់អាមេរិកបានវាយប្រហារលើគោលដៅនានានៅទូទាំងប្រទេសអ៊ីរ៉ង់ ក្នុងកាលៈទេសៈដែលផ្លូវឆ្ពោះទៅរកការកាត់បន្ថយភាពតានតឹងនៅមិនច្បាស់លាស់

បរទេស៖ គ្រាប់មីស៊ីលរបស់សហរដ្ឋអាមេរិកបានវាយប្រហារលើគោលដៅនានានៅទូទាំងប្រទេសអ៊ីរ៉ង់កាលពីថ្ងៃសុក្រ ហើយប្រធានាធិបតី ដូណាល់ ត្រាំ បានប្តេជ្ញាថា នឹងដាក់ «ការទណ្ឌកម្មផ្លូវយោធាដ៏ធំ» លើទីក្រុងតេហេរ៉ង់ និងក្រុមសម្ព័ន្ធមិត្តហ៊ូធី (Houthi) នៅប្រទេសយេម៉ែន ទោះបីជាលោកនៅតែទុកឱកាសសម្រាប់កិច្ចព្រមព្រៀងការទូតជាមួយអ៊ីរ៉ង់ម្តងទៀតក៏ដោយ។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ថា ពីរសប្តាហ៍ បន្ទាប់ពីការដួលរលំនៃបទឈប់បាញ់បណ្តោះអាសន្នដែលបំណងបញ្ចប់សង្គ្រាម កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់បានឆ្លើយតបដោយការបាញ់ប្រហារលើមូលដ្ឋានទ័ពអាមេរិកនៅក្នុងប្រទេសអារ៉ាប់ដែលនៅជិតខាង និងបានព្រមានថា ពួកគេអាចនឹងវាយប្រហារលើអគារមិនមែនយោធានៅទីនោះ ដែលត្រូវបានប្រើប្រាស់ដោយបុគ្គលិកអាមេរិកថែមទៀត។

ប៉ុន្មានថ្ងៃថ្មីៗនេះ លោក ត្រាំ បានគំរាមពង្រីកគោលដៅវាយប្រហារទៅលើរោងចក្រថាមពល និងស្ពានរបស់អ៊ីរ៉ង់ បញ្ជូនកងទ័ពជើងគោកទៅដណ្តើមយកកោះ Kharg ដែលជាមជ្ឈមណ្ឌលប្រេងកាតរបស់អ៊ីរ៉ង់ និងទម្លាក់គ្រាប់បែកលើទីតាំងពាក់ព័ន្ធនឹងនុយក្លេអ៊ែរជម្រៅជ្រៅក្រោមដី ដែលគេស្គាល់ថា ជាភ្នំ Pickaxe។

ទោះជាយ៉ាងណាក៏ដោយ កាលពីថ្ងៃសុក្រ លោកបានមានប្រសាសន៍ថា លោកមិនទាន់បានធ្វើការសម្រេចចិត្តលើការវាយប្រហារធំៗថ្មីៗនៅឡើយទេ។

លោក ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅឯសេតវិមានថា៖ «យើងកំពុងនិយាយជាមួយពួកគេ» «ខ្ញុំគិតថា ពួកគេកំពុងធ្វើរឿងនេះដោយម៉ត់ចត់។ ខ្ញុំគិតថា… ពួកគេកំពុងបង្ហាញភាពម៉ត់ចត់បំផុតដែលយើងមិនធ្លាប់បានឃើញពីមុនមក ប៉ុន្តែវាមិនមែនមានន័យថាយើងអាចឈានដល់កិច្ចព្រមព្រៀងនោះទេ»។

ប្រែសម្រួលៈ ណៃ តុលា

To Top