Feature

ចិនបន្ថែមអង្គភាព EU ចំនួន ១៤ ទៅក្នុងបញ្ជីគ្រប់គ្រងការនាំចេញ ដើម្បីឆ្លើយតបនឹងទណ្ឌកម្មពាក់ព័ន្ធនឹងរុស្ស៊ី

បរទេស៖ ក្រសួងពាណិជ្ជកម្មចិនបានថ្លែងកាលពីថ្ងៃសុក្រថា ប្រទេសចិនកំពុងហាមឃាត់ការនាំចេញទំនិញប្រើប្រាស់បានពីរផ្លូវលើទំនិញស៊ីវិលដែលអាចយកទៅប្រើក្នុងវិស័យយោធា ទៅកាន់អង្គភាពចំនួន ១៤ បន្ថែមទៀតនៅក្នុងសហភាពអឺរ៉ុប ដោយមានប្រសិទ្ធភាពភ្លាមៗ។ ក្រសួងពាណិជ្ជកម្មចិនបានបន្ថែមថា វិធានការនេះគឺជាការឆ្លើយតបទៅនឹងទណ្ឌកម្មចុងក្រោយបង្អស់របស់សហភាពអឺរ៉ុបប្រឆាំងនឹងប្រទេសរុស្ស៊ី។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ថា សហភាពអឺរ៉ុបបានអនុម័តកាលពីថ្ងៃព្រហស្បតិ៍នូវកញ្ចប់ទណ្ឌកម្មទី ២១ របស់ខ្លួនប្រឆាំងនឹងរុស្ស៊ីជុំវិញសង្គ្រាមនៅអ៊ុយក្រែន ហើយក្រសួងពាណិជ្ជកម្មចិនបានឱ្យដឹងថា ក្រុមហ៊ុននៅចិនដីគោក និងហុងកុងចំនួន ១៤ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីទណ្ឌកម្មនោះ។

ក្រសួងបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អង្គភាពអឺរ៉ុបដែលត្រូវចិនហាមឃាត់មិនឱ្យទទួលបានទំនិញដែលប្រើប្រាស់បានពីរផ្លូវ រួមមានក្រុមហ៊ុនផលិតអាវុធ និងរថយន្តអាល្លឺម៉ង់ Rheinmetall AG និងក្រុមហ៊ុនអេឡិចត្រូនិចប៉ូឡូញ Vigo Photonics S.A.។

សេចក្តីថ្លែងការណ៍ដដែលបានបន្តថា អង្គការ និងបុគ្គលបរទេសក៏ត្រូវបានហាមឃាត់មិនឱ្យផ្ទេរ ឬផ្គត់ផ្គង់ទំនិញប្រើប្រាស់បានពីរផ្លូវដែលមានប្រភពដើមពីប្រទេសចិនទៅកាន់អង្គភាពទាំងនោះផងដែរ ប៉ុន្តែអ្នកនាំចេញចិនអាចដាក់ពាក្យស្នើសុំការអនុញ្ញាតក្នុងករណីលើកលែងពិសេស។

ប្រែសម្រួលៈ ណៃ តុលា 

To Top