Feature

លោក សាន់ ដារិទ្ធ តំណាងលោក គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី អញ្ជើញជាអធិបតីក្នុងពិធីពិនិត្យ និងព្យាបាលជំងឺទូទៅដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋជាង ៥០០នាក់ នៅស្រុកកែវសីមា

មណ្ឌលគិរី៖ នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ លោក សាន់ ដារិទ្ធ តំណាងដ៏ខ្ពង់ខ្ពស់របស់ លោក គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញចូលរួមជាអធិបតីភាពជាមួយលោកសុទ្ធ សឿន អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្រែព្រះ ព្រមទាំងតំណាងអង្គការមណ្ឌលថែទាំសុខភាពកុមារចេនឡា ក្នុងពិធីចុះពិនិត្យ និងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

ពិធីនេះបានប្រព្រឹត្តទៅនៅសាលាបឋមសិក្សាត្រពាំងទូក ស្ថិតក្នុងភូមិអូរច្រា ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដោយមានប្រជាពលរដ្ឋយ៉ាងច្រើនកុះករប្រមាណជាង ៥០០នាក់ បានអញ្ជើញមកទទួលសេវាពិនិត្យ និងព្យាបាលជំងឺ។

នៅក្នុងឱកាសនោះ លោក សាន់ ដារិទ្ធ ក៏ដូចជាថ្នាក់ដឹកនាំក្រុមការងារ បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខយ៉ាងជ្រាលជ្រៅពីសំណាក់ថ្នាក់ដឹកនាំខេត្ត ជូនចំពោះប្រជាពលរដ្ឋទាំងអស់ ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និងអង្គការមណ្ឌលថែទាំសុខភាពកុមារចេនឡា ដែលបានយកចិត្តទុកដាក់ ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរខេត្ត ក្នុងការថែរក្សាសុខុមាលភាព និងកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់។

សកម្មភាពមនុស្សធម៌នេះ មិនត្រឹមតែបានផ្តល់នូវសេវាសុខាភិបាលខិតជិតប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់របស់អាជ្ញាធរខេត្តមណ្ឌលគិរី និងដៃគូអភិវឌ្ឍន៍ ចំពោះសុខភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានផងដែរ៕ ដោយៈចាន់បុត្រ|មណ្ឌលគិរី|ដើមអម្ពិល

To Top