សម្តេចធិបតី ៖ ជោគជ័យរបស់ក្រុមហ៊ុន MinebeaMitsumi Inc. ក៏ជាជោគជ័យរបស់កម្ពុជា
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ចំពោះវឌ្ឍនភាព និងភាពជោគជ័យរបស់ក្រុមហ៊ុន MinebeaMitsumi Inc. នៅកម្ពុជា ដោយបានគូសបញ្ជាក់ថា ជោគជ័យរបស់ក្រុមហ៊ុន MinebeaMitsumi Inc. ក៏ជាជោគជ័យរបស់កម្ពុជាផងដែរ ។

ការគូសបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ ក្នុងឱកាសអនុញ្ញាតឱ្យ លោក Yoshihisa Kainuma អគ្គនាយកប្រតិបត្តិក្រុមហ៊ុន MinebeaMitsumi Inc. និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅវិមានសន្តិភាព។

ក្នុងជំនួបនេះ លោកអគ្គនាយកប្រតិបត្តិក្រុមហ៊ុន បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធ ដែលតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹង ដល់ប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន MinebeaMitsumi Inc. នៅកម្ពុជា រហូតទទួលបានសមិទ្ធផល និងជោគជ័យ ជាទីមោទនៈ ដូចសព្វថ្ងៃនេះ។ លោកអគ្គនាយកប្រតិបត្តិ ក៏បានលើកឡើងអំពីវឌ្ឍនភាពអាជីវកម្ម និងគម្រោងសម្ពោធរោងចក្រថ្មីនៅកម្ពុជា ព្រមទាំងផែនការក្នុងការពង្រីក ការវិនិយោគបន្ថែមទៀត របស់ក្រុមហ៊ុននៅកម្ពុជា។

លោកអគ្គនាយកបានបញ្ជាក់ថា ភាពជោគជ័យ និងការរីកចម្រើនរបស់ក្រុមហ៊ុន ជាកត្តាទាក់ទាញវិនិយោគិនជប៉ុនផ្សេងទៀត ឱ្យមកបណ្តាក់ទុននៅកម្ពុជា ហើយក្រុមហ៊ុននៅតែមានជំនឿទុកចិត្តលើបរិយាកាស និងស្ថិរភាពនៃការវិនិយោគ នៅកម្ពុជា។ ជាមួយគ្នានេះ, ក្រុមហ៊ុននឹងប្រារព្ធពិធីអបអរសាទរ ខួបទី១៥ឆ្នាំ នៃប្រតិបត្តិការអាជីវកម្ម របស់ក្រុមហ៊ុននៅកម្ពុជា នាខែធ្នូខាងមុខ។

ក្នុងឱកាសនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែតបានសម្តែងនូវសេចក្តីសោមនស្សរីករាយ ចំពោះវឌ្ឍនភាព និងភាពជោគជ័យរបស់ក្រុមហ៊ុន MinebeaMitsumi Inc. នៅកម្ពុជា ដោយបានគូសបញ្ជាក់ថា ជោគជ័យរបស់ក្រុមហ៊ុន MinebeaMitsumi Inc. ក៏ជាជោគជ័យរបស់កម្ពុជាផងដែរ។ រាជរដ្ឋាភិបាល នឹងបន្តគាំទ្រ, ធានាបរិយាកាសអំណោយផលសម្រាប់វិនិយោគិន និងបន្តធានាបរិយាកាសវិនិយោគប្រកបដោយភាពធន់ និងភាពប្រកួតប្រជែងខ្ពស់។

ទន្ទឹមនឹងនេះ, សម្តេចធិបតី បានលើកឡើងអំពីការដាក់ចេញនូវគោលនយោបាយ និងយន្តការចាំបាច់នានា ដើម្បីសម្របសម្រួលដល់ការធ្វើធុរកិច្ច និង ការវិនិយោគនៅកម្ពុជា រួមមាន៖ ការធ្វើកំណែទម្រង់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC), ការជំរុញ គាំទ្រដល់វិស័យសហគ្រាសធុនតូច និងមធ្យម (SMEs) ឱ្យកាន់តែរឹងមាំ និងការផ្តល់ការលើកទឹកចិត្ត តាមរយៈការអនុគ្រោះពន្ធលើវិស័យសក្ដានុពល និងយុទ្ធសាស្រ្តរបស់កម្ពុជា។

បន្ថែមលើនេះ សម្តេចធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុន MinebeaMitsumi Inc. ពិនិត្យលទ្ធភាពវិនិយោគបន្ថែមលើខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងស្រុក, ស្វែងរកដៃគូសក្តានុពលក្នុងស្រុក និងបន្តកិច្ចសហការជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការវិនិយោគ ក៏ដូចជាចាប់យកឱកាសថ្មីៗក្នុងការរីកចម្រើនទៅមុខជាមួយកម្ពុជា៕











