កម្ពុជា បារម្ភយ៉ាងខ្លាំង ចំពោះផលប៉ះពាល់ពីគ្រាប់មីន បណ្តាលមកពីជម្លោះព្រំដែន
ភ្នំពេញ ៖ កម្ពុជាបង្ហាញពីសមិទ្ធផល ក្នុងការបោសសម្អាតគ្រាប់មីន និងសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះផលប៉ះពាល់មនុស្សធម៌ ដែលបណ្តាលមកពីជម្លោះព្រំដែន និងការប្រើប្រាស់គ្រាប់បែកចង្កោម ។

ក្នុងកិច្ចប្រជុំរបស់គណៈកម្មការកសាងសន្តិភាពស្តីពី “សកម្មភាពមីនជាកត្តាជំរុញដល់ការកសាងសន្តិភាព យុត្តិធម៌អន្តរកាល ការផ្សះផ្សា និងការស្តារឡើងវិញ៖ មេរៀនពីប្រទេសកម្ពុជា និងកូឡុំប៊ី” នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ (អ.ស.ប.) លោក យោង ចាន់សុភារ ភារធារីស្តីទីកម្ពុជាប្រចាំ អ.ស.ប. គូសបញ្ជាក់ថា ក្នុងនាមជាប្រទេស ក្រោយជម្លោះដែលធ្លាប់រងការគំរាមកំហែងដោយសារគ្រាប់មីន កម្ពុជាចាត់ទុកសកម្មភាពមីនមិនត្រឹមតែជាបញ្ហាមនុស្សធម៌ និងសន្តិសុខប៉ុណ្ណោះទេ ប៉ុន្តែជាការវិនិយោគលើការកសាង និងការថែរក្សាសន្តិភាព។
តំណាងកម្ពុជាបានប្រាប់អង្គប្រជុំអំពីបទពិសោធន៍ និងសមិទ្ធផលជាក់ស្តែង របស់កម្ពុជាក្នុងការបោសសម្អាតគ្រាប់មីន ដោយបានរំលេចនូវការរំដោះផ្ទៃដីដែលមានសល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះបានចំនួន ៣.៥៩៨ គីឡូម៉ែត្រការ៉េ ។ ក្នុងនោះរួមមានផ្ទៃដីមានសល់គ្រាប់មីនប្រឆាំងមនុស្សចំនួន ២.៥៨៦ គីឡូម៉ែត្រការ៉េ។
លោកគូសបញ្ជាក់ផងដែរអំពីការរួមចំណែករបស់កម្ពុជា ក្នុងការបញ្ជូនកងរក្សាសន្តិភាពប្រមាណ១ ម៉ឺននាក់ រួមទាំងអ្នកជំនាញដោះមីន ចាប់តាំងពីឆ្នាំ២០០៦ និងការធ្វើជាម្ចាស់ផ្ទះរៀបចំ «កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន» ដោយជោគជ័យ។

ទន្ទឹមនឹងការបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការរំដោះផ្ទៃដីដែលមានសល់គ្រាប់មីនឱ្យអស់ត្រឹមឆ្នាំ២០៣០ តាមរយៈការអនុវត្តគោលនយោបាយ សកម្មភាពមីនថ្នាក់ជាតិ ឆ្នាំ២០២៦-២០៣៥ ឯកឧត្តមបានសម្តែង ការព្រួយបារម្ភយ៉ាងខ្លាំងចំពោះផលវិបាកមនុស្សធម៌ ដែលបណ្តាលមកពីជម្លោះព្រំដែននាពេលថ្មីៗ និងការប្រើប្រាស់គ្រាប់បែកចង្កោមដោយភាគីម្ខាងទៀត។
លោកយោង ចាន់សុភារ សង្កត់ធ្ងន់ថា ការណ៍នេះមិនត្រឹមតែបង្កផល ប៉ះពាល់មនុស្សធម៌រយៈពេលវែងប៉ុណ្ណោះទេ ថែមទាំងដាក់សម្ពាធបន្ថែម លើការងារវាស់វែង-ស្រាវជ្រាវ ការបោសសម្អាត និងការជួយសង្គ្រោះជនរង គ្រោះរបស់កម្ពុជាផងដែរ៕









