ព័ត៌មានជាតិ

កិច្ចពិភាក្សាធុរកិច្ចកម្ពុជា-ឥណ្ឌាស្តីពីវិស័យអេឡិចត្រូនិកសូហ្វវែរនិងបច្ចេកវិទ្យាព័ត៌មាននិងសារគមនាគមន៍ (ICT)

ភ្នំពេញ៖ក្រុមហ៊ុនឥណ្ឌាតំណាងឱ្យវិស័យអេឡិចត្រូនិកសូហ្វវែរនិងបច្ចេកវិទ្យាព័ត៌មានបានជួបពិភាក្សាជាមួយសមភាគីក្រុមហ៊ុនកម្ពុជានៅរាជធានីភ្នំពេញនាថ្ងៃទី៣០ខែកក្កដាឆ្នាំ២០២៦។ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងក្នុងឱកាសនៃដំណើរទស្សនកិច្ចរបស់ប្រតិភូធុរកិច្ចឥណ្ឌាដែលមានសមាសភាពចំនួន១១រូបតំណាងឱ្យក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខរបស់ឥណ្ឌាចំនួន៩។ 

ក្រុមហ៊ុនឥណ្ឌាបានមកដល់រាជធានីភ្នំពេញដើម្បីស្វែងរកឱកាសធុរកិច្ចនិងវិនិយោគបង្កើតភាពជាដៃគូសហប្រតិបត្តិការជាមួយក្រុមហ៊ុននិងភាគីពាក់ព័ន្ធរបស់កម្ពុជាព្រមទាំងចូលរួមចំណែកក្នុងដំណើរការបរិវត្តកម្មឌីជីថល (Digital Transformation) របស់កម្ពុជា។ដំណើរទស្សនកិច្ចនេះគឺជាជំហានដ៏សំខាន់មួយទៀតក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងឥណ្ឌានិងកម្ពុជាលើវិស័យបច្ចេកវិទ្យាឌីជីថលនវានុវត្តន៍និងសេដ្ឋកិច្ចផ្អែកលើចំណេះដឹង។

កិច្ចពិភាក្សាធុរកិច្ច (B2B) នេះត្រូវបានរៀបចំឡើងដោយស្ថានទូតឥណ្ឌាប្រចាំកម្ពុជាសហការជាមួយក្រុមប្រឹក្សាលើការផ្សព្វផ្សាយការនាំចេញអេឡិចត្រូនិកនិងសូហ្វវែរកុំព្យូទ័រ (ESC) ដែលជាអង្គការលើកកម្ពស់ពាណិជ្ជកម្មកំពូលរបស់ឥណ្ឌាសម្រាប់វិស័យអេឡិចត្រូនិកទូរគមនាគមន៍សូហ្វវែរកុំព្យូទ័រនិងសេវាកម្មគាំទ្រដោយបច្ចេកវិទ្យាព័ត៌មាន (IT-enabled Services)។ប្រតិភូឥណ្ឌារួមមាននាយកប្រតិបត្តិ (CEO) អគ្គនាយក (MD) និងមន្ត្រីប្រតិបត្តិជាន់ខ្ពស់ដែលតំណាងឱ្យវិស័យបច្ចេកវិទ្យាជឿនលឿនយ៉ាងទូលំទូលាយរួមមាន៖បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងការរៀនសូត្ររបស់ម៉ាស៊ីន (Machine Learning), បច្ចេកវិទ្យាប្លុកឆេន (Blockchain), អ៊ីនធឺណិតនៃវត្ថុ (Internet of Things – IoT), ប្រព័ន្ធក្លោដ (Cloud Computing), សន្តិសុខសាយប័រ (Cyber Security), ការវិភាគទិន្នន័យទំហំធំ (Big Data Analytics), បច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech), បច្ចេកវិទ្យាកសិកម្ម (AgriTech), ស្វ័យប្រវត្តិកម្មធុរកិច្ច (Business Automation), ដំណោះស្រាយយានយន្តអគ្គិសនី (EV Solutions), កម្មវិធីទូរស័ព្ទនិងវេបសាយ (Mobile & Web Applications), បច្ចេកវិទ្យាមេតាវើស (Metaverse Technologies), បច្ចេកវិទ្យាអាកាសចរណ៍ (Aviation Technologies), បច្ចេកវិទ្យាព័ត៌មានសុខាភិបាល (Health IT), រូបជីវចល (Animation) និងហ្គេម (Gaming), បច្ចេកវិទ្យានិម្មិតបន្ថែម (Augmented Reality – AR) និងបច្ចេកវិទ្យានិម្មិត (Virtual Reality – VR), ឧបករណ៍អេឡិចត្រូនិកប្រើប្រាស់ទូទៅ (Consumer Electronics), ការរចនានិងការផលិតប្រព័ន្ធអេឡិចត្រូនិក (ESDM), សេវាកម្មផលិតកម្មអេឡិចត្រូនិក (EMS), បច្ចេកវិទ្យាសេមីកុងឌុចទ័រ (Semiconductors), គ្រឿងបំណែកអេឡិចត្រូនិកនិងគ្រឿងបន្លាស់បច្ចេកវិទ្យាព័ត៌មាន (IT Hardware), ឧបករណ៍និងបរិក្ខារអេឡិចត្រូនិកវេជ្ជសាស្ត្រ, អេឡិចត្រូនិកយុទ្ធសាស្ត្រ, ផលិតផលនិងបរិក្ខារដើរដោយថាមពលព្រះអាទិត្យ, ឧបករណ៍វាស់វែងអេឡិចត្រូនិក, បច្ចេកវិទ្យាបង្កប់ (Embedded Technologies) និងបច្ចេកវិទ្យាដ្រូន (Drone Technologies)

ព្រឹត្តិការណ៍នេះមានការចូលរួមពីតំណាងជាង១០០នាក់មកពីមន្ត្រីរាជរដ្ឋាភិបាលវិស័យឯកជនសមាគមធុរកិច្ចគ្រឹះស្ថានហិរញ្ញវត្ថុក្រុមហ៊ុនបច្ចេកវិទ្យានិងក្រុមហ៊ុនបង្កើតថ្មី (Startups) មកពីប្រទេសទាំងពីរ។សមាសភាពភាគីកម្ពុជារួមមានក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខនិងក្រុមហ៊ុនបង្កើតថ្មីសមាគមឧកញ៉ាកម្ពុជា (COA) សមាគមបច្ចេកវិទ្យាឌីជីថលកម្ពុជា (CDTA) សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) សភាពាណិជ្ជកម្មឥណ្ឌានៅកម្ពុជា (IBCC) និងគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខជាច្រើនទៀតដូចជាធនាគារ ABA Bank ធនាគារអេស៊ីលីដាធនាគារវឌ្ឍនៈធនាគារ Wing និងធនាគារ Bridge ព្រមទាំងគ្រឹះស្ថានផ្សេងៗទៀត។

ក្នុងជំនួបពិភាក្សាជាមួយសមាសភាពចូលរួមឯកឧត្តមឯកអគ្គរដ្ឋទូត Vanlalvawna បានលើកទឹកចិត្តដល់ធុរជននៃប្រទេសទាំងពីរឱ្យស្វែងរកមធ្យោបាយបន្ថែមទៀតសម្រាប់កិច្ចសហប្រតិបត្តិការភាពជាដៃគូបច្ចេកវិទ្យានវានុវត្តន៍ការកសាងសមត្ថភាពឌីជីថលនិងការវិនិយោគ។លោកបានគូសបញ្ជាក់ថាកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងសហគ្រាសឥណ្ឌានិងកម្ពុជានឹងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីបន្ថែមទៀតព្រមទាំងគាំទ្រដល់បរិវត្តកម្មឌីជីថលនិងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពនៅកម្ពុជា។

  • លោក Gurmeet Singh ប្រធានមន្ត្រីនាយកប្រតិបត្តិនិងជានាយកប្រតិបត្តិនៃក្រុមប្រឹក្សា ESC បានកត់សម្គាល់ថា៖

«កិច្ចពិភាក្សានេះមិនមែនគ្រាន់តែជាជំនួបរវាងអាជីវកម្មនិងអាជីវកម្មប៉ុណ្ណោះទេប៉ុន្តែគឺជាការចាប់ផ្តើមនៃដំណើររួមគ្នាឆ្ពោះទៅកាន់អនាគតឌីជីថលដែលឥណ្ឌានិងកម្ពុជាឈរជាដៃគូក្នុងនវានុវត្តន៍និងភាពជឿនលឿន។ប្រតិភូរបស់យើងតំណាងឱ្យប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាជឿនលឿនរបស់ឥណ្ឌារាប់ចាប់ពី AI, IoT, សន្តិសុខសាយប័រ, FinTech, AgriTech, ដំណោះស្រាយ EV និងអេឡិចត្រូនិកជឿនលឿនជាដើម។យើងមើលឃើញថាកម្ពុជាមិនត្រឹមតែជាទីផ្សារប៉ុណ្ណោះទេប៉ុន្តែជាដៃគូសហការក្នុងការកសាងសេដ្ឋកិច្ចផ្អែកលើចំណេះដឹងដែលអាចជួយពង្រឹងសមត្ថភាពប្រជាជនពង្រឹងស្ថាប័ននិងបង្កើតហេដ្ឋារចនាសម្ព័ន្ធប្រកបដោយភាពរឹងមាំនិងចីរភាព។យើងអាចរួមគ្នាបំប្លែងគំនិតទៅជាលទ្ធផលវិជ្ជមាននិងបំប្លែងភាពជាដៃគូទៅជាមរតកដោយធានាថាបច្ចេកវិទ្យានឹងក្លាយជាស្ពាននៃឱកាសសម្រាប់មនុស្សជំនាន់ក្រោយ»

ប្រទេសឥណ្ឌាត្រូវបានទទួលស្គាល់ជាសកលថាជាមជ្ឈមណ្ឌលឈានមុខគេលើវិស័យបច្ចេកវិទ្យាព័ត៌មានការអភិវឌ្ឍសូហ្វវែរនវានុវត្តន៍ឌីជីថលនិងបច្ចេកវិទ្យាកំពុងលេចធ្លោ។ប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាដ៏រស់រវើកកម្លាំងពលកម្មដែលមានជំនាញខ្ពស់និងឧស្សាហកម្ម IT ដែលមានសមត្ថភាពប្រកួតប្រជែងជាសកលបានធ្វើឱ្យឥណ្ឌាក្លាយជាសេដ្ឋកិច្ចឌីជីថលឈានមុខគេមួយក្នុងពិភពលោកនិងជាដៃគូបច្ចេកវិទ្យាដែលគួរឱ្យទុកចិត្តសម្រាប់បណ្តាប្រទេសនានានៅទូទាំងពិភពលោក។

កិច្ចពិភាក្សានេះក៏បានគូសបញ្ជាក់ពីការរីកចម្រើននិងភាពជាអ្នកដឹកនាំរបស់ឥណ្ឌាក្នុងវិស័យបញ្ញាសិប្បនិម្មិត (AI) និងនវានុវត្តន៍ឌីជីថលផងដែរ។នាដើមឆ្នាំនេះប្រទេសឥណ្ឌាបានរៀបចំធ្វើជាម្ចាស់ផ្ទះដោយជោគជ័យនូវកិច្ចប្រជុំកំពូលបញ្ញាសិប្បនិម្មិត (AI) ឥណ្ឌាឆ្នាំ២០២៦” (India AI Impact Summit 2026) នៅទីក្រុងញូវដេលីដែលជាកិច្ចប្រជុំកំពូល AI សកលលើកដំបូងបង្អស់ដែលត្រូវបានរៀបចំឡើងនៅក្នុងប្រទេសមួយនៃតំបន់អាស៊ីខាងត្បូង។កិច្ចប្រជុំកំពូលនេះបានប្រមូលផ្តុំថ្នាក់ដឹកនាំមកពីជាង១០០ប្រទេសក្រុមហ៊ុនបច្ចេកវិទ្យាសកលអ្នករៀបចំគោលនយោបាយអ្នកស្រាវជ្រាវក្រុមហ៊ុនបង្កើតថ្មីនិងអង្គការអន្តរជាតិនានាដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យ AI ប្រកបដោយការទទួលខុសត្រូវបរិយាបន្ននិងតម្កល់មនុស្សជាមជ្ឈមណ្ឌល។ប្រព័ន្ធអេកូឡូស៊ី AI របស់ឥណ្ឌាបន្តរីកចម្រើនយ៉ាងឆាប់រហ័សតាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំរវាងរដ្ឋនិងវិស័យឯកជនការស្រាវជ្រាវនិងនវានុវត្តន៍ការអភិវឌ្ឍក្រុមហ៊ុនបង្កើតថ្មីហេដ្ឋារចនាសម្ព័ន្ធឌីជីថលសាធារណៈនិងគំនិតផ្តួចផ្តើមនានាដែលផ្តោតលើការទាញយកប្រយោជន៍ពី AI សម្រាប់ការអភិវឌ្ឍប្រកបដោយបរិយាបន្ននិងចីរភាព។

កិច្ចពិភាក្សាធុរកិច្ចរយៈពេលមួយថ្ងៃនេះបានផ្តល់នូវវេទិកាដ៏មានប្រសិទ្ធភាពក្នុងការលើកកម្ពស់បណ្តាញធុរកិច្ចការផ្ទេរបច្ចេកវិទ្យាការផ្លាស់ប្តូរចំណេះដឹងនិងភាពជាដៃគូពាណិជ្ជកម្មរវាងក្រុមហ៊ុនឥណ្ឌានិងកម្ពុជា។ព្រឹត្តិការណ៍នេះបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមរបស់ប្រទេសទាំងពីរក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យ ICT និងលើកកម្ពស់កំណើនសេដ្ឋកិច្ចដែលជំរុញដោយនវានុវត្តន៍ក្រោមក្របខណ្ឌនៃភាពជាដៃគូកម្ពុជាឥណ្ឌា៕

To Top