សម្តេចធិបតី៖ កម្ពុជា លើកកម្ពស់សិទ្ធិមនុស្ស និងសិទ្ធិសេរីភាពជាមូលដ្ឋាន ដោយផ្អែកលើច្បាប់ជាតិ និងលិខិតូបករណ៍អន្តរជាតិនានា
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងប្រាប់ អ្នករាយការណ៍ពិសេស ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សិទ្ធិមនុស្ស និងសិទ្ធិសេរីភាពជាមូលដ្ឋាន ដោយផ្អែកលើច្បាប់ជាតិ និងលិខិតូបករណ៍អន្តរជាតិនានា ។

ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ ធ្វើឡើងក្នុងឱកាសអនុញ្ញាតឱ្យលោក Thomas Andrews អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ នៅវិមានសន្តិភាព។

ក្នុងជំនួបនេះ, លោក Thomas Andrews បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាល ព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបានផ្តល់កិច្ចសហប្រតិបត្តិការ យ៉ាងបើកចំហ និងប្រកបដោយការយោគយល់គ្នា និងបានលើកឡើងពីដំណើរបំពេញបេសកកម្មការងារ ដោយបានជួបពិភាក្សាការងារ ជាមួយឥស្សរជនជាន់ខ្ពស់, តំណាងក្រសួងស្ថាប័ន, អង្គការសង្គមស៊ីវិល និងបានបំពេញទស្សនកិច្ច នៅជំរុំជនភៀសសឹក ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ។

លោក Thomas Andrews បានវាយតម្លៃខ្ពស់ ចំពោះការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាល ក្នុងការជួយសង្គ្រោះ និងគាំទ្រជនភៀសសឹក ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបាន។ បន្ថែមលើនេះ លោកក៏បានកោតសរសើរ ចំពោះកម្ពុជាដែលបានទទួលយកលិខិតូបករណ៍ ពាក់ព័ន្ធនឹងសិទ្ធិមនុស្ស ចំនួន ៨ លើ៩ ព្រមទាំងបានបញ្ជាក់ពីការប្តេជ្ញាចិត្ត និងត្រៀមខ្លួនរួចជាស្រេច ក្នុងការសហការជាមួយកម្ពុជា ក្នុងស្មារតីស្ថាបនា ដោយផ្អែកលើច្បាប់ជាតិ និងអន្តរជាតិ។
ក្នុងនោះសម្តេចធិបតី ហ៊ុន ម៉ាណែត បានអបអរសាទរចំពោះលោក Thomas Andrews ដែលទទួលបានការតែងតាំង ជាអ្នករាយការណ៍ពិសេសទទួលបន្ទុក ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ពិតជាត្រូវការដៃគូសហការក្នុងស្មារតីស្ថាបនា និងប្រកបដោយសមធម៌។

សម្តេចធិបតី បានលើកឡើងពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សិទ្ធិមនុស្ស និងសិទ្ធិសេរីភាពជាមូលដ្ឋាន ដោយផ្អែកលើច្បាប់ជាតិ និងលិខិតូបករណ៍អន្តរជាតិនានា ជាពិសេស ការលើកកម្ពស់សិទ្ធិទទួលបានសេវាថែទាំសុខភាព និងការអប់រំ ជាដើម។

ទន្ទឹមនឹងនេះ សម្តេចធិបតី បានសង្កត់ធ្ងន់ថា ការប្រើប្រាស់សិទ្ធិ និងសេរីភាព ត្រូវធ្វើឡើងប្រកបដោយការទទួលខុសត្រូវ និងស្របតាមដែនកំណត់នៃច្បាប់។ សម្ដេចធិបតី បានបញ្ជាក់បន្ថែមថា ទោះជាប្រទេសតូច ឬធំក្តី ការអនុវត្តច្បាប់ និងការលើកកម្ពស់សិទ្ធិមនុស្ស គឺត្រូវស្ថិតនៅក្រោមច្បាប់ ហើយប្រទេសនីមួយៗ សុទ្ធតែមានលក្ខណៈពិសេសផ្សេងៗពីគ្នា។
ជាមួយគ្នានេះ, សម្តេចធិបតី ក៏បានលើកទឹកចិត្ត ឱ្យអ្នករាយការណ៍ពិសេស បន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងលើកទឹកចិត្តឱ្យការសរសេររបាយការណ៍ ដោយផ្អែកលើព័ត៌មានគ្រប់ជ្រុងជ្រោយ និង ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ សំដៅរួមចំណែកដល់ការអនុវត្ត និងលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា ឱ្យកាន់តែល្អប្រសើរថែមទៀត។
បន្ថែមលើនេះ សម្ដេចធិបតី ក៏បានជម្រាបជូនលោក Thomas Andrews អំពីការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងគូសបញ្ជាក់អំពីការប្តេជ្ញាចិត្ត និងជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែននេះ ដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀង ដែលមានស្រាប់រវាងកម្ពុជា និងថៃ៕









