Feature

ស្ពានបេតុងថ្មី ឆ្លងកាត់ស្ទឹងពោធិ៍សាត់ ក្នុងស្រុកភ្នំក្រវាញ ជាអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត គ្រោងបញ្ចប់មុនបុណ្យភ្ជុំបិណ្ឌ

ពោធិ៍សាត់៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ដោយបានការចូលរួម ពីលោកឧត្តមសេនីយ៍ឯក គង់ អៀង អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យវឌ្ឍន៍ភាព នៃគម្រោងស្ថាបនាស្ពានបេតុងប្រវែង១៤៤ម៉ែត្រ ទទឹង១០ម៉ែត្រ ស្ថិតក្នុងភូមិបោះពួយ ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ និងអនុវត្តគម្រោងសាងសង់ដោយកងវិស្វកម្មក្រសួងការពារជាតិ។

ស្ពានបេតុងរឹងមាំនេះ សាងសង់ឡើងជំនួសស្ពានដែកបាឡេចាស់ដែលទ្រុឌទ្រោម ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ សិស្សានុសិស្ស និងជួយសម្រួលដល់ការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារបានលឿនរហ័ស និងមានសុវត្ថិភាព។

ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានសម្តែងក្តីរំភើប និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី និងលោកជំទាវ ដែលតែងតែយកចិត្តទុកដាក់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន៕

ប្រភព÷រដ្ឋបាលខេត្តពោធិ៍សាត់ដោយ÷ធឿន/ដើមអម្ពិល

To Top