ពិភពលោកឃើញច្បាស់ ពីការឈ្លានពាន និងកាន់កាប់ទឹកដីកម្ពុជា ដោយខុសច្បាប់ពីយោធាថៃ
ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ពិភពលោកបានឃើញច្បាស់នូវអំពើឈ្លានពាន និងការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់កងកម្លាំងយោធាថៃ ។

ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ លោក ប៉ែន បូណា ថ្លែងថា ពិភពលោកបានឃើញច្បាស់នូវអំពើឈ្លានពាន និងការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់កងកម្លាំងយោធាថៃ ដែលបានរារាំងជនស៊ីវិលភៀសសឹកខ្មែរ២ម៉ឺននាក់ទៀតមិនឱ្យវិលត្រឡប់ទៅផ្ទះវិញបាននៅឡើយ។ ជាក់ស្តែង លោក Toms Andrew អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាបានបង្ហាញអារម្មណ៍ក្តុកក្តួលរំជួលចិត្តយ៉ាងខ្លាំងពេលបានឃើញទិដ្ឋភាពជនភៀសសឹកកម្ពុជានៅតាមព្រំដែន។

លោកថា អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិបានទទួលព័ត៌មានពីជនរងគ្រោះផ្ទាល់ដែលរៀបរាប់ពីការទម្លាក់គ្រាប់បែក និងអារម្មណ៍ខ្លោចផ្សារបស់ពួកគេពេលឃើញផ្ទះសម្បែងរបស់ខ្លួនត្រូវបានគ្រឿងចក្រឈូសឆាយបំផ្លាញរាបដល់ដី។ លោកអ្នករាយការណ៍ក៏បានឃើញរបាំងបន្លាលួស និងទូរកុងតឺន័រដែលយោធាថៃបានដាក់រារាំងមិនឱ្យជនភៀសសឹកវិលទៅផ្ទះសម្បែងពួកគេវិញ និងបានឃើញផ្ទះដែលមានស្នាមធ្លុះធ្លាយ ដោយសារគ្រាប់កាំភ្លើង ឃ្លាំងស្តុកទំនិញដែលបានខូចខាត និងក៏បានឃើញគ្រាប់ផ្លោងមិនទាន់ផ្ទុះទៀតផង។

អ្ននាំពាក្យបន្ថែមថា “អ្នករាយការណ៍ពិសេស ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាបញ្ជាក់ថា យោងតាមច្បាប់អន្តរជាតិ ជនភៀសសឹកដោយសារជម្លោះ ប្រដាប់អាវុធ មានសិទ្ធិវិល ត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញ និងប្រកបមុខរបរចិញ្ចឹមជីវិតដោយសុវត្ថិភាពនិងគ្មានការរារាំង ហើយចំណុចនេះ ក៏មានចែង ក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ រវាងកម្ពុជានិងថៃដែរ។ ដូច្នេះ វាជាការចាំបាច់ណាស់ ដែលប្រទេសថៃ និងកម្ពុជាត្រូវធ្វើការរួមគ្នា ដើម្បីពន្លឿនការវិលត្រឡប់ទៅផ្ទះវិញ ជូនប្រជាពលរដ្ឋទាំងនោះ ពីព្រោះពួកគេត្រូវការវិលត្រឡប់ទៅផ្ទះវិញ ហើយពួកគេស័ក្តិសមនឹងវិលត្រឡប់ទៅផ្ទះរបស់ខ្លួនឯងវិញបាន”។

លោក Toms Andrew បញ្ជាក់ទៀតថា លោកត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការជាមួយរដ្ឋាភិបាលកម្ពុជានិងថៃ ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែក សិទ្ធិមនុស្សពាក់ព័ន្ធនឹងជម្លោះនេះ ៕










