ព័ត៌មានអន្តរជាតិ

សេដ្ឋកិច្ចថៃ បានប៉ះពាល់ចំណុចទាបបំផុត ក្នុងត្រីមាសទី២ ចំនួនភ្ញៀវទេសចរបរទេសធ្លាក់ចុះខ្លាំង មុនពេលរំពឹងថា នឹងងើបឡើងវិញ

បរទេស៖ យោងតាមធនាគារកណ្តាលថៃ (BOT) បានឱ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសថៃ ទំនងជាបានឈានដល់ចំណុចខ្សោយបំផុត ប្រចាំឆ្នាំនៅក្នុងត្រីមាសទីពីរ នៃឆ្នាំ ២០២៦ ដែលត្រូវបាក់ទឹកចិត្ត ដោយសារតម្លៃថាមពលខ្ពស់ និងការរំខានដល់ការធ្វើដំណើរ ដែលបណ្តាលមកពីជម្លោះនៅមជ្ឈិមបូព៌ា ។

យោងតាមសារព័ត៌មាន Pataya Mail ចេញផ្សាយកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ថា លោកស្រី ឆាយ៉ាវ៉ាឌី ឆៃអានុន្ទ (Chayawadee Chai-anant) ជំនួយការទេសាភិបាលទទួលបន្ទុកទំនាក់ទំនងសាធារណៈ និងជាអ្នកនាំពាក្យធនាគារកណ្តាលថៃ បាននិយាយថា សេដ្ឋកិច្ចបានថយចុះក្នុងត្រីមាសទី២ បើធៀបនឹងត្រីមាសមុន ដោយសារសម្ពាធខាងក្រៅជាច្រើន ប៉ុន្តែសញ្ញានានាបានបង្ហាញថា ស្ថានភាពនឹងប្រសើរឡើងវិញនៅក្នុងត្រីមាសទីបី។ លោកស្រី ឆាយ៉ាវ៉ាឌី បានថ្លែងថា៖ «ត្រីមាសទីពីរគឺដូចជាព្យុះដ៏អាក្រក់បំផុត (perfect storm)» ដោយបានបន្ថែមថា ធនាគារកណ្តាលថៃជឿជាក់ថា ត្រីមាសទី២ គឺជាចំណុចទាបបំផុតសម្រាប់សេដ្ឋកិច្ចថៃនៅឆ្នាំនេះ។

លោកស្រីបានបន្តថា សកម្មភាពសេដ្ឋកិច្ច ត្រូវបានរំពឹងថា នឹងងើបឡើងវិញនៅក្នុងត្រីមាសទី៣ ដែលគាំទ្រដោយការកែលម្អតម្រូវការ សកលសម្រាប់ផលិតផលអេឡិចត្រូនិក និងផលប៉ះពាល់នៃវិធានការរដ្ឋាភិបាល ដែលមានគោលបំណងបន្ធូរបន្ថយសម្ពាធសេដ្ឋកិច្ច។

ការធ្លាក់ចុះសេដ្ឋកិច្ចក្នុងត្រីមាសទី២ ត្រូវបានឱ្យឃើញតាមរយៈការធ្លាក់ចុះយ៉ាងខ្លាំងនៃចំនួនភ្ញៀវទេសចរបរទេស ជាពិសេសមកពីមជ្ឈិមបូព៌ា អឺរ៉ុប និងទីផ្សារចម្ងាយជិត ។ តម្លៃថាមពលដែលខ្ពស់ជាងមុនបាននាំឱ្យក្រុមហ៊ុនអាកាសចរណ៍កែសម្រួលកាលវិភាគហោះហើរ ខណៈដែលការរឹតបន្តឹងការធ្វើដំណើរដែលទាក់ទងនឹងភាពតានតឹងក្នុងតំបន់បានប៉ះពាល់បន្ថែមទៀតដល់សកម្មភាពទេសចរណ៍។
វិស័យទេសចរណ៍ ដែលខ្សោយជាងមុននៅពេលនេះ បានប៉ះពាល់ដល់អាជីវកម្មសេវាកម្ម ដូចជាសណ្ឋាគារ និងភោជនីយដ្ឋាន ដែលបានឃើញសកម្មភាពធ្លាក់ចុះក្នុងអំឡុងពេលត្រីមាសនេះ។

ការប្រើប្រាស់របស់វិស័យឯកជនក៏បានធ្លាក់ចុះផងដែរ ដែលមូលហេតុចម្បងគឺបណ្តាលមកពីការចំណាយលើការរស់នៅខ្ពស់ជាបន្តបន្ទាប់។ ការចំណាយបានធ្លាក់ចុះស្ទើរតែគ្រប់ប្រភេទទាំងអស់ ដោយសណ្ឋាគារ និងភោជនីយដ្ឋានស្ថិតក្នុងចំណោមវិស័យដែលរងផលប៉ះពាល់ខ្លាំងជាងគេ បើទោះបីជាមានវិធានការពីរដ្ឋាភិបាលដែលបានដាក់ចេញក្នុងខែមិថុនា ដើម្បីផ្តល់ការគាំទ្រក៏ដោយ។ ផលិតកម្មឧស្សាហកម្មក៏បានធ្លាក់ចុះផងដែរ ដោយសារការរងផលប៉ះពាល់ពីការផ្អាកដំណើរការដើម្បីថែទាំរោងចក្កចម្រាញ់ប្រេង ការផលិតសារធាតុគីមីយឺតជាងមុនដោយសារថ្លៃដើមវត្ថុធាតុដើមខ្ពស់ និងការថយចុះតម្រូវការសម្រាប់គ្រឿងអគ្គិសនីពីទីផ្សារបរទេស។
ប្រែសម្រួលៈ ណៃ តុលា

To Top