លោក ហ្សេឡិនស្គី បណ្តេញឯកអគ្គរដ្ឋទូតអ៊ុយក្រែន ប្រចាំសហរដ្ឋអាមេរិក ចេញពីតំណែង
គៀវ៖ យោងតាមក្រឹត្យមួយដែលចេញផ្សាយ ដោយការិយាល័យប្រធានាធិបតីបានឲ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានបណ្តេញឯកអគ្គរដ្ឋទូតអ៊ុយក្រែន ប្រចាំសហរដ្ឋអាមេរិក លោកស្រី Olha Stefanishyna ចេញពីតំណែង។
លោកស្រី Stefanishyna ដែលបានបម្រើការ ជាឯកអគ្គរដ្ឋទូតតាំងពីឆ្នាំមុន បានឲ្យដឹង នៅក្នុងសារហ្វេសប៊ុកមួយថា លោកស្រី បានស្នើសុំឱ្យមានការលើកលែង ពីកាតព្វកិច្ចរបស់លោកស្រី ដោយសារហេតុផលផ្ទាល់ខ្លួន ។ លោកស្រីបានពិពណ៌នាអំពីការបម្រើការងាររបស់លោកស្រី នៅទីក្រុងវ៉ាស៊ីនតោនថាជា “កិត្តិយសដ៏អស្ចារ្យបំផុត” នៃជីវិតរបស់លោកស្រី ។
លោកស្រីបានបន្ថែមថា “យើងបានបង្កើនការផ្គត់ផ្គង់អាវុធអាមេរិក និងរក្សាការគាំទ្រយ៉ាងច្បាស់លាស់ នៅពេលដែលបរិយាកាសនយោបាយ នៅទីក្រុងវ៉ាស៊ីនតោន មិនពេញចិត្តយើង”។ បន្ទាប់ពីការដកតំណែងលោកស្រី ប្រធានាធិបតីអ៊ុយក្រែន មិនបានប្រកាសពីអ្នកស្នងតំណែងនោះទេ។
ចលនានេះកើតឡើង បន្ទាប់ពីការរុះរើរដ្ឋាភិបាល ដែលបានចាប់ផ្តើមដោយលោក ហ្សេឡិនស្គី ក្នុងខែកក្កដា និងនៅពេលដែលទីក្រុងគៀវ កំពុងស្វែងរកការគាំទ្រយោធាអាមេរិកជាបន្តបន្ទាប់ ក្នុងចំណោមជម្លោះជាមួយរុស្ស៊ី។ ទំនាក់ទំនងថ្មីៗរវាងលោក ហ្សេឡីនស្គី និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានផ្តោតលើកិច្ចសហប្រតិបត្តិការការពារដែនអាកាស និងកិច្ចខិតខំប្រឹងប្រែងការទូតដើម្បីបញ្ចប់ជម្លោះអ៊ុយក្រែន-រុស្ស៊ី៕
ប្រែសម្រួល ឈូក បូរ៉ា









