Feature

រដ្ឋាភិបាលឥណ្ឌា ចាប់ផ្តើមតម្លើងពន្ធលើប្រេងម៉ាស៊ូត សាំង និងប្រេងសាំងយន្តហោះ

បរទេស៖ ប្រទេសឥណ្ឌានៅថ្ងៃចន្ទបានដំឡើងពន្ធលើការនាំចេញប្រេងឥន្ធនៈ ដែលត្រូវបានរៀបចំឡើងដើម្បីធានាការផ្គត់ផ្គង់ក្នុងស្រុកគ្រប់គ្រាន់ និងជំរុញថវិការដ្ឋនៅពេលដែលតម្លៃនៅតែប្រែប្រួលដោយសារជម្លោះនៅមជ្ឈិមបូព៌ា, នេះបើយោងតាមបទបញ្ជារបស់រដ្ឋាភិបាល។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ថា រដ្ឋាភិបាលឥណ្ឌាបាននិយាយថា ពន្ធនាំចេញលើប្រេងសាំងត្រូវបានតម្លើងពី ២,៥រូពី ដល់ ៣,៥ រូពី ក្នុងមួយលីត្រ ដែលមានប្រសិទ្ធភាពភ្លាមៗ។

ពន្ធសរុបលើការនាំចេញប្រេងម៉ាស៊ូតត្រូវបានដំឡើងដល់ ២៥,៥ រូពីក្នុងមួយលីត្រ តាមរយៈការរួមបញ្ចូលគ្នានៃការយកពន្ធពីរពី ១៥,៥ រូពីកាលពីពីរសប្តាហ៍មុន។

ពន្ធលើប្រេងឥន្ធនៈអាកាសចរណ៍ត្រូវបានកំណត់នៅ ២២ រូពីក្នុងមួយលីត្រ កើនឡើងពី ១៤,៥ រូពីចាប់ពីថ្ងៃចន្ទ។

ប្រទេសឥណ្ឌាបានដាក់ពន្ធលើប្រាក់ចំណេញជាលើកដំបូងនៅក្នុងខែកក្កដា ឆ្នាំ២០២២ ដើម្បីទទួលបានប្រាក់ចំណេញមិនធម្មតាពីការកើនឡើងនៃតម្លៃប្រេង ដោយប្រមូលបាន ២៥០ពាន់លានរូពី (២,៦២ពាន់លានដុល្លារ) ក្នុងឆ្នាំ២០២២។ ការប្រមូលសរុបបានធ្លាក់ចុះមកត្រឹម ១៣០ពាន់លានរូពីក្នុងឆ្នាំ២០២៣-២៤។ ការយកពន្ធនេះត្រូវបានលុបចោលនៅក្នុងខែធ្នូ ឆ្នាំ២០២៤ ប៉ុន្តែត្រូវបានដាក់ឱ្យអនុវត្តឡើងវិញនៅក្នុងខែមីនា ឆ្នាំ២០២៦ បន្ទាប់ពីតម្លៃប្រេងបានកើនឡើងក្នុងអំឡុងពេលសង្គ្រាមអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់។

តម្លៃប្រេងមានភាពប្រែប្រួលចាប់តាំងពីការកែប្រែពន្ធចុងក្រោយកាលពីពីរសប្តាហ៍មុន។ តម្លៃទំនិញបានធ្លាក់ចុះជាង ៥% នៅថ្ងៃចន្ទ បន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានពន្យារពេលការវាយប្រហារថ្មីលើអ៊ីរ៉ង់ ដោយសង្ឃឹមថានឹងបញ្ចប់កិច្ចព្រមព្រៀងរហ័សមួយ។

ប្រែសម្រួលៈ ណៃ តុលា

To Top