សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យក្រសួងមហាផ្ទៃ អនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្រេចអនុញ្ញាតឱ្យក្រសួងមហាផ្ទៃ រឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងភូមិសាស្ត្រកើតមានគ្រោះថ្នាក់ចរាចរណ៍ច្រើន។
ការអនុញ្ញាត បានធ្វើឡើងបន្ទាប់ពី លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានលើកសំណើជូន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បី អនុវត្តន៍រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកឡើងវិញ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ តទៅ ដើម្បីទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ អត្រាស្លាប់ របួស និងការខូចខាតទ្រព្យសម្បត្តិ។
តាមរយៈសារសំឡេង នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ លោក ទូច សុឃៈ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ គូសបញ្ជាក់ថា «មកដល់ពេលនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា លោក បានសម្រេចឯកភាពជាគោលការណ៍អនុញ្ញាតឱ្យក្រសួងមហាផ្ទៃ ដឹកនាំអនុវត្តវិធានការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ តទៅ។ ប៉ុន្ដែការអនុវត្តវិធានការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះ តែនៅក្នុងភូមិសាស្ដ្រមានការកើតគ្រោះថ្នាក់ចរាចរណ៍ច្រើនតែប៉ុណ្ណោះឯង។
ពោលគឺអនុវត្តតែ ភូមិសាស្ដ្ររាជធានីភ្នំពេញ ខេត្តព្រះសីហនុ កណ្ដាល កំពង់ស្ពឺ និងខេត្តស្វាយរៀង ហើយផ្ដោតតែទៅលើអំពើល្មើសបង្កគ្រោះថ្នាក់ រួមមាន ៖ ការបើកបរល្មើសល្បឿនកំណត់, ការបើកបរក្នុងស្ថានភាពស្រវឹង, ការមិនគោរពសញ្ញាសិទ្ធអាទិភាព និងភ្លើងស្ដុប, ការដឹកជញ្ជូនទំនិញសំពេញសំពោង ហើយក្រៅពីនេះ គឺជាការអប់រំណែនាំ។
ចំពោះទីតាំងភូមិសាស្ដ្រផ្សេងៗទៀត នគរបាលចរាចរណ៍ នៅតែមានសិទ្ធិអប់រំណែនាំប្រជាពលរដ្ឋដែលបើកបរល្មើសច្បាប់ចរាចរណ៍៕









