ស្រ្តីម្នាក់ដើររកផ្សិត ត្រូវដាច់ជើងម្ខាងភ្លាមៗ ដោយសារជាន់មីន
ភ្នំពេញ ៖ ស្រ្តីវ័យកណ្តាលម្នាក់ ត្រូវបាត់បង់ជើងម្ខាងភ្លាមៗដោយសារការដើររកដកផ្សិត ហើយដើរជាន់មីនប្រឆាំងមនុស្សប្រភេទ GYATA-64 នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ។

ហេតុការណ៍នេះ កើតឡើងនៅភូមិសាស្រ្តខាងមុខតំបន់ប្រវត្តិសាស្រ្ត យោធាតាទុំ នៃភូមិជើងភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។ ស្រ្តីរងគ្រោះ ឈ្មោះ អាន បៀត អាយុ៤៩ឆ្នាំ រស់នៅតំបន់កើតហេតុ ដាច់ជើងស្តាំ។ មូលហេតុករណីផ្ទុះនេះ បណ្តាលមកពីជនរងគ្រោះដើររុករកដកផ្សិត។

អាជ្ញាធរមីនអំពាវនាវដល់ប្រជាពលរដ្ឋ កុំចូលរុករាន ប្រកបរបរ ឬរកអនុផលផ្សេងៗ ក្នុងតំបន់ណាមិនស្គាល់ច្បាស់ ឫជាតំបន់សង្ស័យថាមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ព្រោះអាចប្រឈមគ្រោះថ្នាក់បណ្តាលឱ្យរបួស ពិការស្លាប់ ដោយសារគ្រាប់មិនទាន់ផ្ទុះទាំងនោះ។

អាជ្ញាធរមីនក៏បានផ្តាំផ្ញើថា នៅពេលពលរដ្ឋបានជួបប្រទះឃើញគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ត្រូវរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមានសមត្ថកិច្ច ប៉ុស្តិ៍នគរបាល មេភូមិ មេឃុំ និងប្រតិបត្តិករបោសសម្អាតមីន ដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល ដើម្បីជៀសវាងគ្រោះថ្នាក់ដល់អាយុជីវិត ៕









