វៀតណាម និងប្រទេសថៃ ឯកភាពគ្នាជំរុញយុទ្ធសាស្ត្រ «ការតភ្ជាប់បី», នាយករដ្ឋមន្ត្រីវៀតណាមសង្កត់ធ្ងន់ថា ថៃគឺជាប្រទេសជិតខាងជិតស្និទ្ធ ជាដៃគូសំខាន់
បរទេស៖ នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញហ៊ុង និងប្រធានរដ្ឋសភា និងជាប្រធានសភាតំណាងរាស្រ្តថៃ លោក សូផុន ហ្សារ៉ាម បានឯកភាពគ្នាក្នុងការជំរុញការអនុវត្តយុទ្ធសាស្ត្រ “ការតភ្ជាប់បី” ឲ្យបានស៊ីជម្រៅ។
យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយកាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ថា ក្នុងអំឡុងពេលនៃកិច្ចប្រជុំនៅទីក្រុងហាណូយ កាលពីថ្ងៃព្រហស្បតិ៍ ថ្នាក់ដឹកនាំក៏បានយល់ព្រមពង្រឹងទំនាក់ទំនងរវាងខ្សែសង្វាក់ផ្គត់ផ្គង់ អាជីវកម្ម មូលដ្ឋាន និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាពផងដែរ។
នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញហ៊ុង បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់មេដឹកនាំថៃមានសារៈសំខាន់ជាពិសេស ព្រោះវាស្របពេលជាមួយនឹងខួបលើកទី ៥០ នៃចំណងការទូតរវាងវៀតណាម និងថៃ (ថ្ងៃទី ៦ ខែសីហា ឆ្នាំ ១៩៧៦-២០២៦) ដែលជួយពង្រឹងទំនុកចិត្តនយោបាយ ពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ និងជំរុញបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់ប្រទេសទាំងពីរ តាមរបៀបដែលមានខ្លឹមសារ និងមានប្រសិទ្ធភាពជាងមុន។
នាយករដ្ឋមន្ត្រីវៀតណាមបានសង្កត់ធ្ងន់ថា ប្រទេសថៃគឺជាប្រទេសជិតខាងជិតស្និទ្ធ ជាដៃគូសំខាន់ និងជាដៃគូដែលគួរឱ្យទុកចិត្តរបស់វៀតណាម ដោយប្រទេសទាំងពីរចែករំលែកតម្លៃ និងផលប្រយោជន៍យុទ្ធសាស្ត្ររួមជាច្រើន។ លោកបានបញ្ជាក់ថា ពួកគេបានរក្សាការសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីលើកកម្ពស់ភាពជាមជ្ឈមណ្ឌលអាស៊ាន លើកកម្ពស់កិច្ចសហប្រតិបត្តិការអនុតំបន់មេគង្គ និងរួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងក្រៅតំបន់។
ប្រែសម្រួលៈ ណៃ តុលា









