Feature

រដ្ឋមន្រ្តីសុខាភិបាល ៖ ការវិនិយោគលើសុខភាពមាតា-ទារក ជាការវិនិយោគលើមូលធនមនុស្សសម្រាប់អនាគត

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា ការវិនិយោគលើសុខភាពមាតា និងទារក មិនមែនគ្រាន់តែជាការវិនិយោគលើវិស័យសុខាភិបាលប៉ុណ្ណោះទេ ថែមទាំងជាការវិនិយោគលើមូលធនមនុស្ស សម្រាប់អនាគតរបស់កុមារ ។

ក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសម្ភព នៃមន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ក្រោមជំនួយរបស់មូលនិធិកូរ៉េសម្រាប់ការថែទាំសុខភាពអន្តរជាតិ (KOFIH) លោកសាស្ត្រាចារ្យ ឈាង រ៉ា លើកឡើងថា ការវិនិយោគលើសុខភាពមាតា និងទារក មិនមែនគ្រាន់តែជាការវិនិយោគលើវិស័យសុខាភិបាលប៉ុណ្ណោះទេ ថែមទាំងជាការវិនិយោគលើមូលធនមនុស្ស លើអនាគតរបស់កុមារ និងសមត្ថភាពប្រកួតប្រជែងរបស់ប្រទេសជាតិ ពោលគឺនៅពេលទារកម្នាក់កើតមកដោយសុវត្ថិភាព មិនមែនត្រឹមតែគ្រួសារមួយទទួលបានសេចក្តីសុខប៉ុណ្ណោះទេ ប្រទេសជាតិទាំងមូល ក៏ទទួលបានអនាគតមួយដ៏ប្រសើរផងដែរ ។

រដ្ឋមន្រ្តីបន្តថា ដោយហេតុនេះហើយ ទើបរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល បន្តយកចិត្តទុកដាក់យ៉ាងខ្លាំងលើការពង្រឹងសេវាសង្គ្រោះបន្ទាន់ផ្នែកសម្ភព និងទារកទើបនឹងកើត ដោយមិនត្រឹមតែបង្កើនចំនួនសេវាប៉ុណ្ណោះទេ ថែមទាំងផ្តោតជាពិសេសលើគុណភា​ព សុវត្ថិភាព និងលទ្ធផលនៃការថែទាំ ដើម្បីឱ្យស្ត្រីនិងទារកទទួលបានការថែទាំប្រកបដោយសេចក្តីថ្លៃថ្នូរ មនុស្សធម៌ និងស្តង់ដាវិជ្ជាជីវៈខ្ពស់។

សាស្រ្តាចារ្យគូសរំលេចថា ក្នុងបរិបទនៃការអភិវឌ្ឍសុខាភិបាលសកល ការវិនិយោគលើសុខភាពមាតា និងទារក ត្រូវបានចាត់ទុកថា ជាការវិនិយោគដែលផ្តល់ផលតបស្នងខ្ពស់បំផុតសម្រាប់សង្គម។ មាតាមានសុខភាពល្អ អាចចិញ្ចឹមបីបាច់កូនបានល្អ ទារកដែលកើតដោយសុវត្ថិភាព មានឱកាសលូតលាស់ និងអភិវឌ្ឍសក្តានុពលបានពេញលេញ។ ដូច្នេះ ការកាត់បន្ថយអត្រាមរណភាពមាតា និងទារក មិនមែនជាសូចនាករវិស័យសុខាភិបាលតែមួយប៉ុណ្ណោះទេ ថែមទាំងជាសូចនាករអភិវឌ្ឍធនធានមនុស្ស និងប្រទេសជាតិទាំងមូលផងដែរ៕

To Top