សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ជនជាតិដើមភាគតិច បន្តរក្សាស្មារតីមោះមុត ដើម្បីកសាងសមិទ្ធផលថ្មីៗបន្ថែមទៀត
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអំពាវនាវដល់ជនជាតិដើមភាគតិច បន្តរក្សានូវស្មារតីមោះមុតនេះ ដើម្បីរួមចំណែកកសាងសមិទ្ធផលថ្មីៗបន្ថែមទៀត ឆ្ពោះទៅរកសង្គមជាតិមួយដែលមានសន្តិភាព ស្ថិរភាព វឌ្ឍនភាព និងកិត្យានុភាព។
តាមរយៈសារលិខិត ក្នុងឱកាសអបអរសាទរទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក លើកទី៣២ និងលើកទី២២ នៅកម្ពុជា ក្រោមប្រធានបទ «ការលើក តម្កើងតួនាទីឆ្មប ជាជនជាតិដើមភាគតិច ដើម្បីការពារជីវិត និងលើកកម្ពស់សុខុមាលភាព» សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថាក្រោមម្លប់សុខសន្តិភាព និងការបង្រួបបង្រួមជាតិ ព្រះរាជាណាចក្រកម្ពុជាបានប្រែក្លាយពីប្រទេសក្រីក្រ មកជាប្រទេសមានការអភិវឌ្ឍតាមមាគ៌ាលទ្ធិប្រជាធិបតេយ្យ និងបានធ្វើសមាហរណកម្មចូលទៅក្នុងតំបន់ និង អន្តរជាតិគួរជាទីមោទនៈ។
ទន្ទឹមនេះ រាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់លើការងារអភិរក្សនិងអភិវឌ្ឍន៍ជនជាតិ ដើមភាគតិច តាមរយៈការជំរុញឱ្យពួកគាត់ទទួលបានឱកាសស្មើៗគ្នា ក្នុងការវិវត្តនៃសង្គមទំនើបដោយផ្តល់តម្លៃ ខ្ពស់បំផុតដល់ភាពសម្បូរបែបនៃវប្បធម៌ និងអត្តសញ្ញាណជាតិ។
សម្តេចធិបតី បានសម្តែងនូវការកោតសរសើរ ចំពោះបងប្អូនជនជាតិដើមភាគតិចទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការថែរក្សាវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ដ៏ល្អផូរផង់ ដែលធ្វើឱ្យកម្ពុជាប្រៀប ដូចជា «សួនផ្កាចម្រុះពណ៌» ដ៏ស្រស់ត្រកាល និងរស់រវើក។
សម្តេចធិបតី បន្ថែមថា លើសពីនេះ បងប្អូនជនជាតិដើមភាគតិច ក៏បានបង្ហាញ នូវស្មារតីស្នេហាជាតិ តាមរយៈការចូលរួមចំណែកក្នុងការការពារបូរណភាពទឹកដី និងការថែរក្សាធនធានធម្មជាតិ ដែលជាសម្បត្តិមហាសាលរបស់ជាតិយើង ក្នុងនាមជាពលរដ្ឋកម្ពុជា។
សម្ដេច នាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា « ដូចនេះ ខ្ញុំសូមអំពាវនាវដល់បងប្អូន ជនជាតិដើមភាគតិចទាំងអស់ បន្តរក្សានូវស្មារតីមោះមុតនេះ ដើម្បីរួមចំណែកកសាងសមិទ្ធផលថ្មីៗបន្ថែមទៀត ឆ្ពោះទៅរកសង្គមជាតិមួយដែលមានសន្តិភាព ស្ថិរភាព វឌ្ឍនភាព និងកិត្យានុភាព ក្រោមដំបូលនៃ «ខ្មែរតែមួយ»៕









