ក្រសួងការងារ ជំរុញផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋ អតីតពលករ នៅខេត្តឧត្តរមានជ័យដើម្បីទទួលបានការងារក្នុងស្រុក និងក្រៅប្រទេសស្របច្បាប់
ឧត្តរមានជ័យ៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តនាំយកឱកាសការងារក្នុងស្រុកទៅដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដោយនាំយកឱកាសការងារចំនួន ១ ៣០០កន្លែង ពីសហគ្រាស ក្រុមហ៊ុន និងរោងចក្រធំៗ មកផ្តល់ជូនប្រជាពលរដ្ឋ អតីតពលករដែលត្រឡប់មកពីប្រទេសថៃ និងយុវជនជាង ៧០០នាក់ តាមរយៈ «វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ» ដែលរៀបចំឡើងនៅបរិវេណសាលាស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃសៅរ៍ ទី៨ ខែសីហា ឆ្នាំ២០២៦ ក្នុងគោលបំណងជំរុញការចូលរួមក្នុងទីផ្សារការងារក្នុងស្រុក បង្កើនឱកាសការងារជូនប្រជាពលរដ្ឋ និងអតីតពលករដែលត្រឡប់មកពីក្រៅប្រទេស ព្រមទាំងផ្សព្វផ្សាយការយល់ដឹងអំពីសន្តិសុខសង្គម និងឱកាសបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីឆ្លើយតបនឹងតម្រូវការកម្លាំងពលកម្មរបស់ទីផ្សារការងារបច្ចុប្បន្ន។

ថ្លែងក្នុងឱកាសនេះលោក សាន គីមហុង អនុរដ្ឋលេខាធិការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឱ្យចាប់យកឱកាសការងារក្នុងស្រុក ខណៈបច្ចុប្បន្នមានតម្រូវការកម្លាំងពលកម្មជាង ៩ម៉ឺនកន្លែង នៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រធំៗ និងតំបន់សេដ្ឋកិច្ចពិសេសទូទាំងប្រទេស។ លោកបានគូសបញ្ជាក់ថា ការបម្រើការងារស្របច្បាប់នៅក្នុងប្រទេស មិនត្រឹមតែផ្តល់ប្រាក់ចំណូល និងឱកាសការងារមានស្ថិរភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចទទួលបានអត្ថប្រយោជន៍ពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) រួមមាន របបហានិភ័យការងារ របបថែទាំសុខភាព និងរបបសោធននិវត្តន៍ ដែលជាការគាំពារសង្គមដ៏សំខាន់សម្រាប់កម្មករនិយោជិត។

ជាមួយគ្នានេះ លោកបានអំពាវនាវឱ្យប្រជាពលរដ្ឋចៀសវាងការធ្វើចំណាកស្រុកខុសច្បាប់ ដែលអាចប្រឈមនឹងការកេងប្រវ័ញ្ច ការរំលោភបំពានសិទ្ធិការងារ និងខ្វះការគាំពារ និងការការពារតាមផ្លូវច្បាប់។ ក្នុងករណីមានបំណងទៅបម្រើការងារនៅក្រៅប្រទេស ប្រជាពលរដ្ឋត្រូវជ្រើសរើសក្រុមហ៊ុនដែលទទួលបានអាជ្ញាបណ្ណស្របច្បាប់ និងផ្ទៀងផ្ទាត់ព័ត៌មានជាមួយអាជ្ញាធរមានសមត្ថកិច្ចជាមុន។ សម្រាប់ព័ត៌មានបន្ថែម ប្រជាពលរដ្ឋអាចទាក់ទងលេខទូរស័ព្ទ Hotline ១២៩៧ សម្រាប់សេវាផ្គូផ្គងការងារ និងលេខ ១២៨៦ សម្រាប់ព័ត៌មានអំពីសេវា ប.ស.ស.។

ទន្ទឹមនឹងនេះ លោកក៏បានលើកទឹកចិត្តដល់យុវជន និងប្រជាពលរដ្ឋឱ្យចូលរួមសិក្សាជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ តាមរយៈកម្មវិធី «TVET ១,៥ លាន» នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តឧត្តរមានជ័យ។ កម្មវិធីនេះផ្តល់ការបណ្តុះបណ្តាលដោយឥតគិតថ្លៃ ព្រមទាំងប្រាក់ឧបត្ថម្ភប្រចាំខែ ហើយមានមុខជំនាញជាច្រើនស្របតាមតម្រូវការទីផ្សារការងារ រួមទាំងវគ្គបណ្តុះបណ្តាលជំនាញរយៈពេលខ្លី និងការធ្វើតេស្តទទួលស្គាល់ជំនាញពីមុន (RPL) លើវិស័យសំណង់ចំនួន ៨មុខ ដើម្បីបង្កើនឱកាសទទួលបានការងារ និងប្រាក់ឈ្នួលកាន់តែប្រសើរ។

សូមជម្រាបថា នៅក្នុងវេទិកានេះ សហគ្រាស ក្រុមហ៊ុន និងរោងចក្រធំៗបានចូលរួមនាំយកឱកាសការងារចំនួន ១ ៣០០កន្លែង មកផ្តល់ជូនអ្នកស្វែងរកការងារក្នុងនោះរួមមាន រោងចក្រ វេនធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក, ក្រុមហ៊ុន តៃនីង សៀមរាប អភិវឌ្ឍន៍កៅស៊ូ និងក្រុមហ៊ុន អ៊ែកស៊ល អេស៊ា យូមេន រីសសស៍ ដែលជ្រើសរើសកម្លាំងពលកម្មទៅបម្រើការងារនៅក្រៅប្រទេស។ ក្រៅពីការជ្រើសរើសបុគ្គលិកដោយផ្ទាល់ សហគ្រាស និងក្រុមហ៊ុន ដែលចូលរួមក៏បានផ្តល់ព័ត៌មានអំពីការងារ សេវាផ្គូផ្គងការងារ និងការប្រឹក្សាយោបល់ជូនអ្នកស្វែងរកការងារ ដើម្បីជួយឱ្យប្រជាពលរដ្ឋអាចស្វែងរកការងារដែលសមស្របនឹងជំនាញ និងសមត្ថភាពរបស់ខ្លួន ព្រមទាំងចូលរួមឆ្លើយតបនឹងតម្រូវការកម្លាំងពលកម្មនៅក្នុងទីផ្សារការងារកម្ពុជា៕










