Feature

OPEC បន្ថយការព្យាករណ៍កំណើនតម្រូវការប្រេង​ សម្រាប់ឆ្នាំ ២០២៦

វីយែន៖ តម្រូវការប្រេងសកលត្រូវបានព្យាករណ៍ថា​ នឹងកើនឡើង ៦០០,០០០ បារ៉ែលក្នុងមួយថ្ងៃក្នុងឆ្នាំ ២០២៦ បើធៀបនឹងឆ្នាំមុន ដែលធ្លាក់ចុះពីការវាយតម្លៃកាលពីខែមុន នេះបើយោងតាមការលើកឡើងរបស់អង្គការប្រទេសនាំចេញប្រេង (OPEC)។ 

OPEC បានធ្វើការព្យាករណ៍នៅក្នុងរបាយការណ៍ទីផ្សារប្រេងប្រចាំខែចុងក្រោយរបស់ខ្លួន។ នៅក្នុងរបាយការណ៍មុនរបស់ខ្លួនក្នុងខែកក្កដា អង្គការនេះបានប៉ាន់ប្រមាណថាកំណើនតម្រូវការប្រេងសកលចំនួន ៨០០,០០០ បារ៉ែលក្នុងមួយថ្ងៃសម្រាប់ឆ្នាំ ២០២៦។

អ្នករួមចំណែកដ៏សំខាន់សម្រាប់ការកែប្រែធ្លាក់ចុះគឺទីផ្សារអាស៊ី។ យោងតាមរបាយការណ៍ ប្រទេសចិន ឥណ្ឌា និងអាស៊ីដទៃទៀតត្រូវបានគេប៉ាន់ប្រមាណថា​ មានកំណើនតម្រូវការប្រេងខ្សោយជាងឆ្នាំមុននៅឆ្នាំ ២០២៦។ ទន្ទឹមនឹងនេះ អាស៊ីប៉ាស៊ីហ្វិកត្រូវបានគេរំពឹងថា​ នឹងឃើញការធ្លាក់ចុះយ៉ាងខ្លាំងនៃតម្រូវការប្រេងរបស់ខ្លួននៅឆ្នាំនេះ។ 

ទោះបីជាមានការព្យាករណ៍ទាបជាងសម្រាប់ឆ្នាំ ២០២៦ ក៏ដោយ របាយការណ៍នេះបានបន្តកែសម្រួលការព្យាករណ៍របស់ខ្លួនសម្រាប់ឆ្នាំ ២០២៧ ដោយតម្រូវការប្រេងសកលត្រូវបានប៉ាន់ប្រមាណថា​ នឹងកើនឡើងប្រហែល ២,២ លានបារ៉ែលក្នុងមួយថ្ងៃបើប្រៀបធៀបទៅនឹងការប៉ាន់ប្រមាណពីមុនចំនួន ១,៩ លានបារ៉ែលក្នុងមួយថ្ងៃបើប្រៀបធៀបទៅនឹងឆ្នាំមុន។

ស្រដៀងគ្នានេះដែរ ការព្យាករណ៍កំណើនខ្ពស់ជាងនេះ​ គឺជាលទ្ធផលចម្បងនៃតម្រូវការរឹងមាំជាងមុនពីទីផ្សារដែលទាក់ទងនឹងអាស៊ី។ ប្រទេសចិន ឥណ្ឌា អាស៊ីដទៃទៀត និងអាស៊ីប៉ាស៊ីហ្វិកត្រូវបានគេរំពឹងថា​ នឹងមានកំណើនតម្រូវការកាន់តែទូលំទូលាយនៅឆ្នាំ ២០២៧ បើប្រៀបធៀបទៅនឹងឆ្នាំ ២០២៦​ ហេីយអឺរ៉ុបក៏នឹងឃើញកំណើនធំជាងជារៀងរាល់ឆ្នាំផងដែរ៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top