ព័ត៌មានជាតិ

សម្តេចធិបតី៖ តែងតាំង កញ្ញា កឹម មនោវិទ្យា ជាប្រេសិតពិសេសដោយសារមានទំនាក់ទំនងល្អ ជាមួយភាគីអន្តរជាតិ

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការតែងតាំង កញ្ញា កឹម មនោវិទ្យា កូនស្រីច្បងលោក កឹម សុខា ជាប្រេសិតពិសេសរបស់នាយករដ្ឋមន្រ្តី ព្រោះគាត់មានទំនាក់ទំនងល្អជាមួយភាគីអន្តរជាតិយ៉ាងច្រើន ខណៈកម្ពុជាកំពុងមានបញ្ហាព្រំដែនជាមួយភាគីថៃ ។

ក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនី លើកទី១១ នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ សម្តេចធិបតី មានប្រសាសន៍ថា ក្រោយកញ្ញា កឹម មនោវិទ្យាមកដល់ប្រទេសភ្លាមៗសម្តេចក៏បានអនុញ្ញាតឱ្យមកចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួនក្នុងនាមជាអ្នកនយោបាយជំនាន់ក្រោយ ។

ជាមួយនឹងការតែងតាំងតួនាទីរបស់កញ្ញា កឹម មនោវិទ្យានេះ ត្រូវបានសម្តេចធិបតីបញ្ជាក់យ៉ាងច្បាស់ៗអំពីតួនាទីជាប្រេសិតពិសេសរបស់កញ្ញា កឹម មនោវិទ្យាថា គឺមានភារកិច្ចក្នុងការទំនាក់ទំនងផ្នែកធុរកិច្ច និងបញ្ហាព្រំដែនជាមួយប្រទេសក្បែរខាងលើផ្នែកអន្តរជាតិ ។

សម្តេចធិបតីមានប្រសាសន៍បញ្ជាក់ថា “ថ្មីៗនេះយើងទទួលប្អូនស្រីកឹម មនោវិទ្យា ដែលគាត់ត្រឡប់មកវិញធ្វើការខ្ញុំតែងតាំងគាត់ជាប្រេសិតពិសេសរបស់នាយករដ្ឋមន្រ្តី ដើម្បីធ្វើការងារខាងក្រៅ គាត់មានទំនាក់ទំនងច្រើន ។ រឿងយើងកំពុងមានជាមួយប្រទេសជិតខាងរឿងព្រំដែនតើយើងប្រកាន់ទេ គេមកធ្វើការដើម្បីជួយការទូត តើប្រកាន់ទេ”។

សូមបញ្ជាក់ថា ក្រោយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជាដែលព្រះអង្គសព្វព្រះរាជហឫទ័យចេញ ព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងជាប្រេសិតពិសេសរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានឋានៈស្មើរដ្ឋមន្ត្រី កាលពីប៉ុន្មានថ្ងៃមុននោះ ត្រូវបានក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេសបានលើកយកធ្វើជាប្រធានបទយកមកពិភាក្សាវែកញែកយ៉ាងផុសផុលលើបណ្តាញសង្គម ដោយខ្លះបានប្រមាថមាក់ងាយជាខ្លាំងមកលើកញ្ញា និងលោក កឹម សុខាដែលត្រូវជាឪពុកជាដើម ។បន្ទាប់ពីតែងតាំងកញ្ញា កឹម មនោវិទ្យា ក៏បានថ្វាយសារលិខិតថ្លែងអំណរព្រះគុណព្រះមហាក្សត្រផងដែរ

To Top