ព័ត៌មានអន្តរជាតិ

រុស្ស៊ី​ ជំរុញឱ្យជប៉ុន​ ទទួលស្គាល់យ៉ាងពេញលេញនូវ លទ្ធផលនៃសង្គ្រាមលោកលើកទី២​ និងបញ្ឈប់ការបិទបាំងការឈ្លានពានរបស់ខ្លួនក្នុងសម័យសង្គ្រាម

មូស្គូ៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានជំរុញឱ្យប្រទេសជប៉ុន​ ទទួលស្គាល់យ៉ាងពេញលេញនូវលទ្ធផលនៃសង្គ្រាមលោកលើកទី២​ និងបញ្ឈប់ការប៉ុនប៉ងបិទបាំងប្រវត្តិសាស្ត្រឈ្លានពានរបស់ខ្លួន។

ឆ្លើយតបទៅនឹងសំណួររបស់អ្នកយកព័ត៌មានទីភ្នាក់ងារសារព័ត៌មានស៊ីនហួ លោកស្រី Zakharova បានឧ្យដឹងថា នៅក្នុងព្រឹត្តិការណ៍រំលឹកខួបលើកទី៨១​ នៃការប្រកាសចុះចាញ់ដោយគ្មានលក្ខខណ្ឌរបស់ជប៉ុន រដ្ឋាភិបាលជប៉ុន​ មិនត្រឹមតែបរាជ័យក្នុងការទទួលស្គាល់ជាសាធារណៈនូវការឈ្លានពានរបស់ខ្លួននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក សុំទោសដោយស្មោះចំពោះប្រជាជននៃប្រទេសជិតខាងដែលបានរងទុក្ខដោយសារវា និងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន​ ចំពោះបទប្បញ្ញត្តិសន្តិភាពនិយមនៃរដ្ឋធម្មនុញ្ញរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែផ្ទុយទៅវិញបានបន្តដំណើរនៃការធ្វើយោធាឡើងវិញ ដោយកំពុងធ្វើដំណើរតាមផ្លូវដ៏គ្រោះថ្នាក់កាន់តែខ្លាំងឡើង។

លោកស្រី Zakharova បានបន្ដថា «អ្វីដែលហៅថាការលាងសម្អាតឧក្រិដ្ឋកម្មសម័យសង្គ្រាមរបស់ប្រទេសជប៉ុន ការកែសម្រួលគោលការណ៍ជាមូលដ្ឋាននៃរដ្ឋធម្មនុញ្ញរបស់ខ្លួន និងការពិភាក្សាឡើងវិញលើការកែសម្រួលអ្វីដែលខ្លួនហៅថា «គោលការណ៍មិនមែននុយក្លេអ៊ែរទាំងបី» សុទ្ធតែកំពុងកើតឡើងប្រឆាំងនឹងផ្ទៃខាងក្រោយនៃការបង្ខូចទ្រង់ទ្រាយនៃការពិតប្រវត្តិសាស្ត្រ»។

លោកស្រីបន្ថែមថា សុន្ទរកថារបស់នាយករដ្ឋមន្ត្រីជប៉ុនលោកស្រី Sanae Takaichi នៅឯពិធីរំលឹកវិញ្ញាណក្ខន្ធជាតិ​ សម្រាប់អ្នកស្លាប់ក្នុងសង្គ្រាម ពិធីបូជារបស់លោកស្រីនៅទីសក្ការៈ Yasukuni និងកាយវិការផ្សេងទៀតឆ្ពោះទៅរកទីសក្ការៈ ក៏ដូចជាការទៅទស្សនាទីសក្ការៈដោយមន្ត្រីរដ្ឋាភិបាលជប៉ុន រួមទាំងរដ្ឋមន្ត្រីក្រសួងការពារជាតិលោក Shinjiro Koizumi សុទ្ធតែជាការបង្ហាញពីដំណើរយោធាឡើងវិញរបស់ប្រទេសនេះ៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top