លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បញ្ជាឲ្យអាវុធហត្ថខេត្តកំពង់ស្ពឺ បង្ក្រាបក្រុម ក្មេងទំនើង ដោយគ្មានការលើកលែង ដើម្បីសន្តិសុខសង្គម
កំពង់ស្ពឺ៖ ដោយទទួលបានការចង្អុលបង្ហាញពីសំណាក់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃបប្រទេស និងមានការណែនាំពីសំណាក់ លោកបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្ត និងក្រោមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ថ្មីៗនេះកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្ក្រាប និងឃាត់ខ្លួនក្មេងទំនើងដែលចូលចិត្តបង្ហោះម៉ូតូតាមទីសាធារណៈបានជាបន្តបន្ទាប់ចំនួន០៦នាក់ ក្រោយមានការខលប្តឹងរាយការណ៍ពីប្រជាពលរដ្ឋតាមរយៈលេខអន្តរាគមន៍ (Hotlin1292) ។

ក្រោយពីទទួលបានការខលប្តឹងរាយការណ៍ពីប្រជាពលរដ្ឋតាមរយៈលេខអន្តរាគមន៍ (Hotlin1292) កម្លាំងអង្គភាពនគរបាលយុត្តិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចុះទៅដល់កន្លែងដែលក្មេងទំនើងធ្វើសកម្មភាពភ្លាមៗព្រមទាំងបានធ្វើការបង្ក្រាប និងឃាត់ខ្លួនក្មេងទំនើងដែលតែចូលចិត្តបង្ហោះម៉ូតូ តាមទីសាធារណៈបានចំនួន៤នាក់ ដែលក្មេងទាំងនោះជួបជុំធ្វើសកម្មភាពនៅវេលាម៉ោង ១៧:១០នាទី ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ នៅចំណុចទំនប់ទឹកអូរត្រែង ស្ថិតនៅភូមិអង្គសង្គ្រាម ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជនសង្ស័យទាំង ០៤នាក់មានឈ្មោះដូចជា៖
១.មានឈ្មោះ សុន ធិណា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរនៅផ្ទះ,
២.មានឈ្មោះ សឿន ប៊ុនលាភ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មកររោងចក្រ,
៣.មានឈ្មោះ ណេន រ៉ាយុទ្ធ ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរនៅផ្ទះ,
៤.មានឈ្មោះ ពៅ សំអាង ភេទប្រុស អាយុ១៣ឆ្នាំ មុខរបររត់តុ ។

បន្ទាប់មកនៅវេលាម៉ោង ១៣:១០នាទី ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ក៏ទទួលបានការខលប្តឹងរាយការណ៍ពីប្រជាពលរដ្ឋតាមរយៈលេខ(Hotlin1292)ពីសកម្មភាពក្មេងទំនើងជួបជុំគ្នាធ្វើធ្វើសកម្មភាពបង្ហោះម៉ូតូនៅទីសាធារណៈយ៉ាងអាណាធិបតេយ្យ នៅត្រង់ចំណុចផ្លូវលេង១៣០ ស្ថិតនៅភូមិព្រៃសាលា ឃុំរលាំងគ្រើល ស្រុកសមរោងទង ខេត្តកំពង់ស្ពឺ ក្រោយទទួលបានពាក្យបណ្តឹងពីប្រជាពលរដ្ឋ ភ្លាមៗនោះកម្លាំងជំនាញក៏បានចុះទៅដល់កន្លែងដែលក្មេងទំណើងធ្វើសកម្មភាព និងបានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់៖
១.មានឈ្មោះ ខាន់ ធារិទ្ធ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរកម្មកររោងចក្រ
២.មាឈ្មោះ ហ៊ុន ហេង ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរនៅផ្ទះ និងដកហូតវត្ថុតាងមួយចំនួនមានដូចជាម៉ុតូចំនួន ០៣គ្រឿង និងទូរសព្វចំនួន ០៦គ្រឿង ។

បច្ចុប្បន្នក្មេងទំនើងដែលបង្ហោះម៉ូទូទាំងនេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ យកមកអប់រំណែនាំ និងធ្វើកិច្ចសន្យាចំពោះមុខ ម្តាយ ឪពុកនិងអាណាព្យាបាល ដើម្បីបញ្ឈប់រាល់សកម្មភាពទំនើងទាំងនេះដែលនាំឱ្យប៉ះពាល់សណ្តាប់សង្គម ជាហេតុនាំឲ្យមានការបំផ្លាញទ្រព្យសម្បត្តិក៏ដូចជាកិត្តិយសគ្រួសារ ព្រមទាំងបង្ករការភ័យខ្លាចដល់អ្នកជុំវិញខ្លួន បង្កភាពអនាធិបតេយ្យក្នុងសង្គម ចំណែកម៉ូតូវិញត្រូវបានដកហូតយកទៅរក្សាទុករយៈពេល០៣ខែ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។

លោកឧត្តមសេនីយត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ ប្រសិនបើបងប្អូនប្រជាពលរដ្ឋ បានឃើញក្រុមក្មេងទំនើងដែលចូលចិត្តបង្ហោះម៉ូតូតាមផ្លូវសារធារណះបែបនេះ ឫក៏ជួបនូវឧបទ្ទវហេតុផ្សេងៗហើយត្រូវការជំនួយអន្តរាគមន៍ពីកម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ សូមធ្វើការទំនាក់ទំនងមកកាន់ លេខទូរសព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់ Hotline 1292 ហើយជំនាញអាវុធហត្ថនឹងរក្សារការសម្ងាត់ជូនផងដែរ៕

