ព័ត៌មានជាតិ

សម្តេចធិបតី៖ ទោះបីសន្តិភាព ត្រូវបានរក្សាឱ្យមានស្ថេរភាពយូរអង្វែងក៏ដោយ ក៏មិនអាចមើលស្រាលតម្លៃ នៃសន្តិភាពបានឡើយ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា​ ទោះបីជាសន្តិភាព ត្រូវបានរក្សាឱ្យមានស្ថេរភាព​ យូរអង្វែងយ៉ាងណាក៏ដោយ គឺយើងមិនអាចមើលស្រាលតម្លៃ នៃសន្តិភាពបានឡើយ ។

ក្នុងសន្និសីទប្រធានសភា នៃអន្តរសភា (Inter-Parliamentary Speakers Conference-ISC) លើកទី២ នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សន្តិភាព គឺជាបុរេលក្ខខណ្ឌ​ សម្រាប់ការអភិវឌ្ឍ និងភាពរីកចម្រើន ។

សម្តេចធិបតី បានគូសបញ្ជាក់ថា សន្តិភាព ចាំបាច់ត្រូវទទួលបានការការពារ នៅលើឆាកអន្តរជាតិ និងដោយច្បាប់ ហើយត្រូវធានាឱ្យមានចីរភាព តាមរយៈស្ថាប័នដែលមានភាពធន់រឹងមាំ។ លើសពីនេះទៅទៀត សន្តិភាព ក៏ចាំបាច់ត្រូវប្រែក្លាយ ជាវិបុលភាពរួម និងការរីកចម្រើនជាក់ស្តែង នៃជីវភាពរស់នៅរបស់ប្រជាជន ។

បន្ថែមលើនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត​ មានប្រសាសន៍ថា​ សម្រាប់កម្ពុជា ទស្សនៈកើតចេញពីប្រវត្តិសាស្ត្រផ្ទាល់ ដែលកម្ពុជា បានឆ្លងកាត់បទពិសោធន៍ ពីសង្គ្រាម​ទៅសន្តិភាព ពីសន្តិភាព​ ទៅការអភិវឌ្ឍ ហើយជាពិសេសថ្មីៗនេះ គឺពីការរំលឹកដោយឈឺចាប់មួយថា ទោះបីជាសន្តិភាព ត្រូវបានរក្សាឱ្យមានស្ថេរភាពយូរអង្វែងយ៉ាងណាក៏ដោយ គឺយើងមិនអាចមើលស្រាលតម្លៃ នៃសន្តិភាពបានឡើយ៕

To Top