Feature

អាជ្ញាធរខេត្តកំពង់ស្ពឺ ណែនាំនិងធ្វើកិច្ចសន្យាឱ្យអាជីវករបញ្ឈប់ការលក់អាវយឺតដែលមានសារអសុរស ប៉ះពាល់ដល់សីលធម៌សង្គម

កំពង់ស្ពឺ៖ អាជ្ញាធរមានសមត្ថកិច្ចខេត្តកំពង់ស្ពឺ បានចុះត្រួតពិនិត្យ និងចាត់វិធានការអប់រំណែនាំដល់អាជីវករឱ្យបញ្ឈប់ការតាំងលក់ និងចែកចាយអាវយឺតដែលមានរំលេចពាក្យស្លោកអសុរស និងខ្លឹមសារមិនសមរម្យ បន្ទាប់ពីមានការណែនាំពីថ្នាក់ដឹកនាំខេត្ត និងការក្រើនរំលឹកពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

យោងតាមការណែនាំរបស់ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ត បានបញ្ជាឱ្យកម្លាំងនគរបាលផែនការងារសន្តិសុខ ចុះស្រាវជ្រាវបន្ទាន់លើទីផ្សារជុំវិញការចរាចរផលិតផលអាវយឺតដែលមានបោះពុម្ពឃ្លាមិនសមរម្យ ដូចជា «ធ្វើល្អបានអាចម៍», «ចាញ់ជាព្រះ ឈ្នះជាអញ», «ជេរអញ អញជេរវិញ» និងពាក្យអសុរសដទៃទៀត។

ជាក់ស្ដែង កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ញ៉ែម សៅ ស្នងការរងទទួលផែនការងារសន្តិសុខ សហការជាមួយកម្លាំងរដ្ឋបាលក្រុងច្បារមន អធិការដ្ឋាននគរបាលក្រុងច្បារមន ប៉ុស្តិ៍នគរបាលរដ្ឋបាលរកាធំ និងគណៈគ្រប់គ្រងផ្សារកំពង់ស្ពឺ បានចុះអប់រំណែនាំ និងកោះអញ្ជើញម្ចាស់អាជីវកម្មឈ្មោះ ហៀង បញ្ញា ដែលជាម្ចាស់ទំព័រហ្វេសប៊ុក «Sy Noth» មកធ្វើកិច្ចសន្យាបញ្ឈប់រាល់ការតាំងបង្ហាញ និងលក់ដូរសម្លៀកបំពាក់ដែលមានខ្លឹមសារប៉ះពាល់ដល់សីលធម៌សង្គម។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញអាវយឺតដែលនៅសេសសល់ចំនួនប្រមាណ ១៥អាវ ខណៈមួយចំនួនត្រូវបានលក់ចេញទៅកាន់អ្នកទិញបន្ត និងអ្នកប្រើប្រាស់រួចហើយ។

សមត្ថកិច្ច និងអាជ្ញាធរជំនាញ ក៏បានអំពាវនាវដល់បងប្អូនអាជីវករទាំងអស់ កុំបន្តទទួលទិញ ឬចែកចាយផលិតផលដែលមានខ្លឹមសារអវិជ្ជមានបែបនេះ និងស្នើឱ្យសាធារណជនបញ្ឈប់ការទិញយកទៅស្លៀកពាក់ ដើម្បីរួមចំណែកលើកកម្ពស់តម្លៃវប្បធម៌ សីលធម៌ និងសេចក្តីថ្លៃថ្នូរក្នុងសង្គមជាតិ៕

To Top