ដំណាំស្រូវជាង ៣ម៉ឺនហិកតា រងផលប៉ះពាល់ដោយសារកូនរដូវប្រាំងបន្តអូសបន្លាយនៅខេត្តកំពង់ស្ពឺ ខណៈជិត ២០០ហិកតា កំពុងស្តារឡើងវិញ
កំពង់ស្ពឺ៖ កូនរដូវប្រាំងបានបន្តអូសបន្លាយ បង្កឱ្យដំណាំស្រូវរបស់ប្រជាកសិករជាង ៣ម៉ឺនហិកតា នៅតាមបណ្តាស្រុក-ក្រុងចំនួន៧ ក្នុងខេត្តកំពង់ស្ពឺ រងផលប៉ះពាល់ ខណៈមន្ទីរជំនាញកំពុងអន្តរាគមន៍នាំទឹកទៅសង្គ្រោះ និងស្តារដំណាំស្រូវដែលរងផលប៉ះពាល់ជិត ២០០ហិកតា។

លោក យឹម ណន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ បានឱ្យដឹងនៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ថា គិតមកដល់ពេលនេះ មន្ត្រីជំនាញពាក់ព័ន្ធ រួមមានមន្ទីរកសិកម្ម និងមន្ទីរធនធានទឹក និងឧតុនិយម បាននិងកំពុងមមាញឹកក្នុងការអន្តរាគមន៍ ដោយនាំទឹកទៅជួយសង្គ្រោះដំណាំស្រូវរបស់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយឥទ្ធិពលអេលនីញ៉ូ និងកូនរដូវប្រាំងវគ្គ២។

លោកបានបញ្ជាក់ថា ស្ថានភាពខាងលើបានបង្កឱ្យដំណាំស្រូវរបស់ប្រជាកសិករ នៅក្នុងស្រុក-ក្រុងចំនួន៧ នៃខេត្តកំពង់ស្ពឺ រងផលប៉ះពាល់ ក្នុងនោះមាន៖ ក្រុងច្បារមន ៦៦ហិកតា, ស្រុកបសេដ្ឋ ៤.៦២៣ហិកតា ក្នុងនោះ ១៥៦ហិកតា កំពុងស្តារឡើងវិញ, ស្រុកគងពិសី ៩.៩០៨ហិកតា, ស្រុកឱរ៉ាល់ ៧៩៣ហិកតា, ស្រុកសំរោងទង ៥.៧២៩ហិកតា, ស្រុកថ្ពង ២.២០៤ហិកតា និងស្រុកសាមគ្គីមុនីជ័យ ៩.១២៨ហិកតា។

លោក យឹម ណន បានបន្តទៀតថា បច្ចុប្បន្ន មន្ទីរជំនាញទាំងពីរ បានដាក់ម៉ាស៊ីនបូមទឹក ដើម្បីនាំទឹកពីប្រឡាយមេរលាំងជ្រៃខាងត្បូង បញ្ជូនទៅជួយសង្គ្រោះដំណាំស្រូវនៅស្រុកសំរោងទង ក្រុងច្បារមន និងផ្នែកខ្លះនៃស្រុកគងពិសី។
ដោយឡែក ប្រឡាយមេរលាំងជ្រៃខាងជើង ក៏កំពុងបញ្ជូនទឹកទៅផ្នែកខ្លះនៃស្រុកសំរោងទង និងក្រុងច្បារមនផងដែរ។ ចំណែកប្រភពទឹកពីស្ទឹងតូច និងស្ទឹងព្រែកត្នោត ក៏ត្រូវបានបូមទៅជួយសង្គ្រោះដំណាំស្រូវដែលរងផលប៉ះពាល់នៅតំបន់ក្បែរនោះផងដែរ។

ប្រធានមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ បានបញ្ជាក់បន្ថែមថា ដំណាំស្រូវដែលខូចខាតទាំងស្រុងចំនួន ១៥៦ហិកតា គឺជាស្រូវដើមរដូវ ហើយមន្ត្រីជំនាញកំពុងខិតខំប្រឹងប្រែងអន្តរាគមន៍ ដើម្បីសង្គ្រោះ និងស្តារឡើងវិញឱ្យបានជាអតិបរមា។
សូមបញ្ជាក់ថា ផែនការបង្កបង្កើនផលស្រូវរដូវវស្សា ឆ្នាំ២០២៦ នៅខេត្តកំពង់ស្ពឺ មានចំនួន ១២០.៥២៧ហិកតា។ គិតត្រឹមថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ការអនុវត្តការព្រោះ និងស្ទូងស្រូវសម្រេចបានចំនួន ១២៧.៥៨៧ហិកតា ស្មើនឹង ១០៥,៨៦% នៃផែនការ។ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ កើនឡើងចំនួន ៨.២២៨ហិកតា៕
ដោយ÷សុខ សុភ័ណ្ឌ|កំពង់ស្ពឺ|ដើមអម្ពិល|រូបថតដើមអម្ពិល
