Feature

កិច្ចសន្ទនា កិច្ចសហប្រតិបត្តិការ​ និង​ វឌ្ឍនភាពរបស់ប្រទេស India 

  1. ទំនាក់ទំនងរវៀង ឥណ្ឌា-ម៉ាឡេស៊ី ឈានចូលទំព័រប្រវត្តិសាស្ត្រថ្មី

ដំណើរបំពេញទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ទៅកាន់ប្រទេសម៉ាឡេស៊ី ដែលជាលើកទីមួយក្នុងរយៈពេលជិតមួយទសវត្សរ៍ បានគូសបញ្ជាក់ពីជំហានដ៏សំខាន់មួយក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។ ដំណើរបំពេញទស្សនកិច្ចចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៧ ខែកុម្ភៈ បានពង្រឹងកិច្ចសហប្រតិបត្តិការដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ (CSP) ដោយផ្អែកលើកិច្ចសហប្រតិបត្តិការលើច្រើនវិស័យ ដូចជា ពាណិជ្ជកម្ម    បច្ចេកវិទ្យា ការពារជាតិ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។

លទ្ធផលសំខាន់ៗដែលទទួលបានពីដំណើរបំពេញទស្សនកិច្ចនេះ រួមមានការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាច្រើនលើវិស័យ Semiconductors សុខាភិបាល បច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) និង សន្តិសុខ ព្រមទាំងគំនិតផ្តួចផ្តើមផ្សេងៗដូចជា ប្រព័ន្ធទូទាត់ឌីជីថលឆ្លងដែន និង កិច្ចសហការផ្នែកអប់រំ និង ស្រាវជ្រាវ ។ 

ដំណើរបំពេញទស្សនកិច្ចនេះក៏បានពង្រឹងទំនាក់ទំនងផងដែរផ្នែក វប្បធម៌ និង សហគមន៍ប្រជាជនឥណ្ឌានៅបរទេស ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការតំបន់ក្រោមឆ័ត្រសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) និងចក្ខុវិស័យឥណ្ឌូ-ប៉ាស៊ីហ្វិកផងដែរ។

[រូបថត] នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានជួបពិភាក្សាជាមួយដៃគូភាគីម៉ាឡេស៊ី គឺលោក Dato’ Seri Anwar Ibrahim នៅទីក្រុងកួឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

  1. ឥណ្ឌាចូលរួមពិភាក្សាជាមួយថ្នាក់ដឹកនាំ G7

រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោកបណ្ឌិត S.Jaishankar និង រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានជួបគ្នានៅថ្ងៃទី ២៧ ខែមីនា នៅក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G7 នៅទីក្រុង Abbaye des Vaux-de-Cernay ជិតរដ្ឋធានីប៉ារីស ប្រទេសបារាំង។

លោកបណ្ឌិត Jaishankar បានផ្តោតសំខាន់លើកង្វល់របស់ឥណ្ឌា និងប្រទេសក្នុងតំបន់ Global South (ប្រទេសកំពុងអភិវឌ្ឍន៍) ពាក់ព័ន្ធនឹងការខ្វះខាតស្បៀងអាហារ ប្រេងឥន្ធនៈ និងជីកសិកម្ម ជាមួយសមភាគីមកពីបណ្តាប្រទេស G7 និងប្រទេសផ្សេងទៀត។ លើសពីនេះ លោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបង្កើតច្រករបៀងពាណិជ្ជកម្មដែលមានភាពធន់។ 

លោកបណ្ឌិត Jaishankar បានសរសេរលើបណ្តាញសង្គម X (អតីត Twitter) ថា៖ «ភាពមិនប្រាកដប្រជាដែលកើតចេញពីជម្លោះនៅអាស៊ីខាងលិច កាន់តែបង្ហាញឱ្យឃើញច្បាស់ពីតម្រូវការចាំបាច់ក្នុងការបង្កើតច្រករបៀងពាណិជ្ជកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ដែលមានភាពធន់ជាងមុន»

[រូបថត] រដ្ឋមន្ត្រីការបរទេស លោកបណ្ឌិត S. Jaishankar (ឈរទីបីពីស្តាំ ក្នុងជួរមុខ) បានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G7 ជាមួយបណ្តាប្រទេសដៃគូនៅ Abbaye des Vaux-de-Cernay ប្រទេសបារាំង។

  1. ការកសាងទំនាក់ទំនងមិត្តភាពគ្រប់ប្រទេសទូទាំងទ្វីបអឺរ៉ុប

ដំណើរបំពេញទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោកបណ្ឌិត S. Jaishankar ទៅកាន់សាធារណរដ្ឋបារាំង និង រដ្ឋធានីលុចសំបួរ (Grand Duchy of Luxembourg) ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី   ៩ ខែមករា បានផ្តោតលើការពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្រ និងសេដ្ឋកិច្ចជាមួយអឺរ៉ុប។

លោកបណ្ឌិតបានជួបពិភាក្សាជាមួយប្រធានាធិបតីនៃសាធារណរដ្ឋបារាំង លោក Emmanuel Macron ដោយបានពិភាក្សាលើវិស័យនវានុវត្តន៍ (ការបង្កើតថ្មី) ការពារជាតិ បច្ចេកវិទ្យា និងបញ្ហាសកលផ្សេងៗទៀត។ នៅប្រទេសលុចសំបួរ ការពិភាក្សារួមមានការពង្រីកពាណិជ្ជកម្ម វិស័យហិរញ្ញវត្ថុ និង កិច្ចសហប្រតិបត្តិការឌីជីថល។ លោកបណ្ឌិត S.Jaishankar ក៏បានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស ឥណ្ឌា-Weimar លើកដំបូង ដែលមានការចូលរួមពី៖ រដ្ឋមន្ត្រីការបរទេសបារាំង អាល្លឺម៉ង់ និងប៉ូឡូញ។ សរុបមក ដំណើរបំពេញទស្សនកិច្ចនេះបានពង្រឹងកិច្ចសហប្រតិបត្តិការដៃគូឥណ្ឌា-អឺរ៉ុប និងបានរំលេចពីអាទិភាពរួមគ្នាក្នុងវិស័យនវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការសកល។

To Top