Feature

បងប្អូនកម្មករនៃរោងចក្ររ៉ាយលីង បានទទួលយ​កដំណោះស្រាយប្រកបដោយ​ការយកចិត្ត​ទុកដាក់ និងរហ័សរ​បស់ក្រ​សួងការងារ និងចូលធ្វើការវិញភ្លាមៗនៅថ្ងៃទី២នេះ​

ភ្នំពេញ៖ បងប្អូនកម្មករនិយោ​ជិតនៃរោងចក្ររ៉ាយលីង នៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ បាន​វិលចូលបំពេញការងា​រតាមផ្នែករៀងៗខ្លួ​នវិញនៅថ្ងៃទី២ ខែ​កញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីភាគីកម្មករនិយោជិត និងនិយោជក ឈា​នដល់​ការឯកភាព​លើដំណោះ​ស្រាយចំនួ​ន១៨ចំណុច។ ជាដំ​​ណោះ​​ស្រាយ​ដែល​​សម្រេច​បាន ក្រោយ​ថ្នាក់​ដឹកនាំ និង​មន្ត្រីជំនាញ​នៃក្រសួង​ការ​ងារនិង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ សហការ​ជាមួយ​អាជ្ញាធរ​មូល​ដ្ឋាន ចុះ​សម្រប​សម្រួល​​ដោយ​ផ្ទាល់ និង​ស្តា​ប់ពីកង្វល់របស់ភាគីទាំងពីរ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា គោលដៅសំខាន់របស់ក្រសួង គឺធ្វើឱ្យភាគី​ទាំង​ពីរអាច​ស្វែង​រកចំណុចរួម និងដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមបទប្បញ្ញត្តិច្បាប់ និងដោយគោរពសិទ្ធិ និងផល​ប្រយោជ​ន៍ស្រ​បច្បាប់​របស់​គ្រប់​ភាគី។

លោកបានបញ្ជាក់ថា៖ «អ្វីដែលសំខាន់​គឺយើង​បានស្តាប់​ទាំងកង្វល់រ​បស់បង​ប្អូន​កម្មករ​និយោជិត និង​ការពន្យល់​របស់​និយោ​ជក ហើយ​​បាន​​ជួយ​ឱ្យ​​ភាគី​ទាំង​ពីរពិភាក្សា​គ្នាដោយ​ផ្អែក​លើច្បាប់​ដែលនៅទីបំ​ផុត ភាគីទាំង​ពីរបាន​ឯកភាព​លើដំណោះ​ស្រាយ និងបងប្អូន​កម្មករបា​នវិល​ចូលធ្វើ​ការ​វិញ​»។

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចាត់ទុកការឈានដល់ការឯកភាពនេះថា ជាលទ្ធផលវិជ្ជមាន​មួយដែលបានជួយរក្សាទាំងសិទ្ធិ និង​ផល​ប្រយោជន៍​រប​ស់ក​ម្មករនិ​យោជិត ក៏ដូចជា​និរន្តរភា​ពនៃសក​ម្មភាព​ផលិត​កម្ម និងកា​រងាររប​ស់ក្រុម​ហ៊ុន។

ទន្ទឹមនឹងនេះ ក្រសួងបានអំ​ពាវនាវឱ្យភាគីទាំងពីរបន្តគោរព និងអ​នុវត្តតាមស្មារតីនៃ​កិច្ចព្រមព្រៀងដែល​បានឯកភា​ពគ្នា ពង្រឹង​ការសន្ទនា និង​សហ​ការគ្នា​ដោះ​ស្រាយប​ញ្ហាណាមួយ​ដែលអាច​កើត​មាន តាម​យន្ត​ការ​ច្បាប់ ដើម្បី​រក្សាបរិយាកាសការងារប្រកបដោយសុខដុមរមនា និង​ផល​ប្រយោ​ជន៍រួ​ម​៕

To Top