ព័ត៌មានអន្តរជាតិ

សិង្ហបុរី ជាប្រទេសអ្នកមាន នៅអាស៊ីអាគ្នេយ៏ ប្រមូលចំណូលពន្ធបាន ៧៦.៩ ពាន់លានដុល្លារ ដែលខ្ពស់បំផុតមិនធ្លាប់មាន

ប្រទេសសិង្ហបុរី ដែលជាប្រទេសមានផលិតផល ក្នុងស្រុកសរុប (GDP) ក្នុងមនុស្សម្នាក់ខ្ពស់ជាងគេនៅអាស៊ី បានប្រមូលចំណូលពន្ធសរុបចំនួន ៩៧.៣ ពាន់លានដុល្លារសិង្ហបុរី (ប្រមាណ ៧៦.៩ ពាន់លានដុល្លារអាមេរិក) ក្នុងឆ្នាំសារពើពន្ធ ២០២៥–២០២៦។ ចំនួននេះបានកើនឡើង ៩.៤% បើធៀបនឹងឆ្នាំមុន និងជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានរបស់អាជ្ញាធរចំណូលក្នុងស្រុកសិង្ហបុរី (IRAS)។
ចំណូលពន្ធសរុបនេះ ស្មើប្រមាណ ១២.៣% នៃ GDP របស់សិង្ហបុរី ខណៈឆ្នាំសារពើពន្ធបានបញ្ចប់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ នេះបើយោងតាមការចេញផ្សាយ VNExpress នៅថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ២០២៦។

ក្នុងចំណោមប្រភពចំណូលពន្ធទាំងអស់ ពន្ធលើប្រាក់ចំណេញក្រុមហ៊ុន នៅតែជាប្រភពធំបំផុត ដោយរួមចំណែកជាង ៣៥% នៃចំណូលពន្ធសរុប។ បន្ទាប់មកគឺ ពន្ធលើទំនិញ និងសេវាកម្ម (GST) ដែលមានចំណែក ២២% និងពន្ធលើប្រាក់ចំណូលបុគ្គល ដែលមានចំណែក ២១.៥%។

ក្នុងឆ្នាំដដែល IRAS ក៏បានដំណើរការជំនួយ និងការទូទាត់គាំទ្រដល់អាជីវកម្មជិត ១.២ ពាន់លានដុល្លារសិង្ហបុរី សម្រាប់អាជីវកម្មប្រមាណ ១២៦,២០០ តាមរយៈកម្មវិធីគាំទ្រផ្សេងៗ។

ជាមួយគ្នានេះ អាជ្ញាធរបានធ្វើសវនកម្ម និងស៊ើបអង្កេតករណីអ្នកជាប់ពន្ធចំនួន ៨,៥៦០ករណី ដែលត្រូវបានរកឃើញថាមានចេតនាគេចវេះពន្ធ ហើយបានប្រមូលពន្ធ និងពិន័យត្រឡប់មកវិញប្រមាណ ៥៨៩ លានដុល្លារសិង្ហបុរី។

អ្នកវិភាគព្យាករណ៍ថា សេដ្ឋកិច្ចសិង្ហបុរីអាចកើនឡើងប្រមាណ ៥% ក្នុងឆ្នាំនេះ កើនពី ៣.៥% ក្នុងឆ្នាំ២០២៥។ កាលពីឆ្នាំមុន សិង្ហបុរីឈរនៅចំណាត់ថ្នាក់ទី១ ក្នុងអាស៊ី និងទី៨ លើពិភពលោក ក្នុងការវាស់វែង GDP ក្នុងមនុស្សម្នាក់ ដោយមានប្រមាណ ៩៩,៣៦៥ ដុល្លារអាមេរិក។

ប្រែសម្រួលដោយ៖ គីរី

To Top