Feature

ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិល្បីៗ ចេញមកនិយាយការពិត ពីសង្គ្រាមឈ្លានពាន របស់ថៃលើកម្ពុជា

ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានលើកឡើងថា សារព័ត៌មានអន្តរជាតិល្បីៗ បានចេញមកនិយាយការពិតពីសង្គ្រាមឈ្លានពាន របស់ថៃ មកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាជាបន្តបន្ទាប់ ។

ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែន កម្ពុជា-ថៃ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ លោក ប៉ែន បូណាបានថ្លែងថា រយៈពេលចុងក្រោយនេះ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអន្តរជាតិធំៗ បានរាយការណ៍ជាបន្តបន្ទាប់ពីការ ពិតនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

អ្នកនាំពាក្យបញ្ជាក់ថា “យោធាថៃ ពង្រឹងការឈរជើងនៅលើទឹកដីខ្មែរ…ជីវិតពលរដ្ឋភៀសសឹកខ្មែរ ក្រឡាប់ចាក់ដោយសារការបង្ខំ ឱ្យបោះបង់ផ្ទះសម្បែងនិងមុខរបរចិញ្ចឹមជីវិត… ជនភៀសសឹកចង់វិលត្រឡប់ទៅផ្ទះវិញ… អ្វីដែលកើតឡើងនៅឯព្រំដែនកម្ពុជា-ថៃ មិនមែនជាជម្លោះប្រដាប់អាវុធធម្មតាទេ តែជាសង្គ្រាម លេបត្របាក់ទឹកដីដោយចេតនា… ការវាយប្រហារដែលថៃ ធ្វើមកលើកម្ពុជាដោយផ្គុំគ្នា រវាងកងទ័ពជើងគោក ជើងទឹក និងជើងអាកាស មិនមែនជាសកម្មភាពការពារខ្លួនទេ តែគឺជាការរៀបចំផែនការទុកមុនយ៉ាងល្អិនល្អន់…»។ ទាំងអស់នេះ គឺជាពាក្យពេចន៍ដែលអ្នកសារព័ត៌មានបរទេសល្បីៗ បានពិពណ៌នាជាបន្តបន្ទាប់អំពីអ្វី ដែលបានកើតឡើងនៅឯព្រំដែនកម្ពុជា-ថៃ…”។

លោក ប៉ែន បូណា សង្កត់ធ្ងន់ថា បន្ថែមពីលើការពិពណ៌នា ក្នុងសារព័ត៌មាន រូបថតពិតៗដែលបង្ហាញពីការរងគ្រោះ របស់ប្រជាជនកម្ពុជា ដោយសារការវាយប្រហារហួសប្រមាណពីកងកម្លាំងថៃ និងភាពខ្ទេចខ្ទាំ នៃប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ក៏ត្រូវបានអ្នកសារព័ត៌មានបារាំង លោក Jean Luc Moreau Deleris យកទៅដាក់តាំងក្នុងមហោស្រពពិព័រណ៍រូបថតកាសែតអន្តរជាតិ ដើម្បីប្រាប់ពិភពលោកអំពីសង្គ្រាមឈ្លានពាន របស់ថៃមកលើកម្ពុជា ដែលបង្កឱ្យមានជនស៊ីវិលស្លាប់ និងរបួសជាច្រើន និងបានបណ្តាលឱ្យជនភៀសសឹកជាង ៦៤ម៉ឺននាក់ បង្ខំចិត្តចាកចោលផ្ទះសម្បែង៕

To Top