លោក ដូណាល់ ត្រាំ បង្ហោះរូបភាពផែនទី ផ្លាស់ប្តូរឈ្មោះរដ្ឋ «New Mexico» ទៅជា «New America» បង្កឱ្យមានប្រតិកម្មយ៉ាងខ្លាំង
បរទេស ៖ យោងតាមការចេញផ្សាយរបស់ Sky News កាលពីថ្ងៃ៧ ខែកញ្ញា ឆ្នាំ២០២៦នេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហោះរូបភាពផែនទីមួយនៅលើបណ្តាញសង្គម Truth Social ដែលបង្ហាញពីរដ្ឋ New Mexico ត្រូវបានកែប្រែឈ្មោះទៅជា «New America» ដោយមានការលុបពាក្យ “Mexico” ចេញ ហើយជំនួសដោយពាក្យ “America” វិញ។ រូបភាពនេះត្រូវបានរំលែកបន្ត (Re-share) ដោយគណនីផ្លូវការ របស់សេតវិមានផងដែរ។
ការបង្ហោះនេះ ពុំមានការបញ្ជាក់ពីហេតុផលច្បាស់លាស់ពីសំណាក់សេតវិមាន ឬលោក ត្រាំ នោះឡើយ។ ទោះជាយ៉ាងណា តាមច្បាប់រដ្ឋធម្មនុញ្ញអាមេរិក ប្រធានាធិបតីមិនមានអំណាចផ្លូវច្បាប់ក្នុងការផ្លាស់ប្តូរឈ្មោះរដ្ឋដោយឯកតោភាគីបានទេ។សកម្មភាពនេះបានជួបប្រទះនូវការរិះគន់ និងបដិសេធភ្លាមៗពីថ្នាក់ដឹកនាំរដ្ឋ New Mexico។
អភិបាលរដ្ឋ New Mexico លោកស្រី Michelle Lujan Grisham (ខាងគណបក្សប្រជាធិបតេយ្យ) បានថ្លែងថា ឈ្មោះរបស់រដ្ឋមិនមែន ជាប្រធានបទសម្រាប់យកមកដេញ ដោលឡើយ ហើយឈ្មោះនេះមានតាំងពីមុនពេលបង្កើតសហរដ្ឋអាមេរិកទៅទៀត។ លោកស្រីបានបន្ថែមថា ការបង្ហោះនេះគ្រាន់តែជាការទាញអារម្មណ៍សាធារណជនចេញពីបញ្ហាតម្លៃប្រេងឥន្ធនៈដែលកំពុងកើនឡើង និងបញ្ហាសង្គ្រាមនៅអ៊ីរ៉ង់ប៉ុណ្ណោះ។
គួររំលឹកផងដែរថា គំនិត នៃការផ្លាស់ប្តូរឈ្មោះទីតាំងភូមិសាស្ត្រនេះ បានកើតឡើងបន្ទាប់ពីលោក ត្រាំ បានចុះហត្ថលេខាលើ បទបញ្ជាប្រតិបត្តិផ្លាស់ប្តូរឈ្មោះផ្លូវការនៅក្នុងប្រព័ន្ធទិន្នន័យអាមេរិក ដូចជា៖ការប្តូរឈ្មោះ បឹង Ontario (Lake Ontario) ទៅជា «Lake America» ការប្តូរឈ្មោះ ជ្រោយសមុទ្រម៉ិចស៊ិក (Gulf of Mexico) ទៅជា «Gulf of America» កាលពីដើមឆ្នាំ ២០២៥ ទោះបីជាក្រុមហ៊ុនបច្ចេកវិទ្យាដូចជា Google និង Apple បានធ្វើបច្ចុប្បន្នភាពឈ្មោះ ទីតាំងទឹកទាំងនោះសម្រាប់អ្នកប្រើប្រាស់នៅអាមេរិកក៏ដោយ ក៏អាជ្ញាធរប្រទេសកាណាដា និងមន្ត្រីក្នុងស្រុកអាមេរិកជាច្រើន បានប្រកាសបដិសេធមិនទទួលស្គាល់ការប្តូរឈ្មោះទាំងនោះឡើយ។
ប្រែសម្រួល៖ គីរី
