សមាគមជប៉ុន-កម្ពុជា ទាក់ទាញ SME ជប៉ុន មកវិនិយោគនៅកម្ពុជា
ភ្នំពេញ ៖ នៅថ្ងៃទី៩ខែកញ្ញាឆ្នាំ២០២៦ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបគណៈប្រតិភូសមាគមជប៉ុន-កម្ពុជា (JCA) ដើម្បីពិភាក្សាអំពីការទាក់ទាញការវិនិយោគរបស់សហគ្រាសធុនតូច និងមធ្យមជប៉ុន ការផ្ទេរបច្ចេកវិទ្យា និងការបង្កើតភាពជាដៃគូអាជីវកម្មនៅកម្ពុជា។
គណៈប្រតិភូដឹកនាំដោយ លោក Fumiaki Takahashi ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។ សមាគមបានបង្ហាញយុទ្ធសាស្ត្រឆ្នាំ២០២៦ របស់ខ្លួន ដែលមានសរសរស្តម្ភ ចំនួនបី គឺការបណ្តុះបណ្តាលវិជ្ជាជីវៈ កសិឧស្សាហកម្ម និងឧស្សាហកម្មឌីជីថល។
លោក Takahashi បានលើកឡើងថាក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ គឺជាស្ថាប័នគន្លឹះមួយសម្រាប់គាំទ្រ SME នៅកម្ពុជាហើយសង្ឃឹមថា នឹងសហការជិតស្និទ្ធជាមួយក្រសួងដើម្បីទាក់ទាញ SME ជប៉ុនឱ្យបានកាន់តែច្រើនបង្កើតភាពជាដៃគូនិងកៀរគរការវិនិយោគរួមទុនជាមួយ SME កម្ពុជា។
សមាគមគ្រោងដឹកនាំគណៈប្រតិភូធុរកិច្ចជ៉បុន លើកទី៦ មកកម្ពុជា ក្នុងខែវិច្ឆិកាខាងមុខ ដើម្បីជំរុញការ វិនិយោគពីជប៉ុនមកកម្ពុជា ដោយរំពឹងថានឹងមានក្រុមហ៊ុនជប៉ុនប្រមាណ ២០ ទៅ ៣០ ចូលរួម។ សមាគមបានស្នើសុំការគាំទ្រពីក្រសួង ក្នុងការផ្គូផ្គងដៃគូអាជីវកម្ម ដោយផ្តោតលើការស្វែងរកដៃគូក្នុងស្រុកដែលសមស្របសម្រាប់អភិវឌ្ឍសហគ្រាសរួមទុនជាក់ស្តែង។
ភាគីទាំងពីរក៏បានពិភាក្សាអំពីការផ្ទេរបច្ចេកវិទ្យា និងការការពារកម្មសិទ្ធិបញ្ញាសម្រាប់បច្ចេកវិទ្យា និងផលិតផលជប៉ុនដែលត្រូវបានអភិវឌ្ឍនៅកម្ពុជា។
លោក ហែម វណ្ណឌី បានស្វាគមន៍ការផ្តល់អាទិភាពរបស់សមាគមជប៉ុន-កម្ពុជា លើសហគ្រាសធុនតូច និងមធ្យម និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនជប៉ុន ស្វែងរកឱកាសនៅក្នុងមូលដ្ឋានឧស្សាហកម្មដែលមានស្រាប់របស់កម្ពុជា ជាពិសេសឧស្សាហកម្មគាំទ្រដែលអាចផ្គត់ផ្គង់វត្ថុធាតុដើម ផលិតផលពាក់កណ្តាល សម្រេច គ្រឿងបន្លាស់ និងសេវាកម្ម ដល់ឧស្សាហកម្មកាត់ដេរ និងវាយនភណ្ឌ យានយន្ត គ្រឿងម៉ាស៊ីន និងវិស័យផលិតកម្មផ្សេងទៀត៕
