Feature

ទស្សនកិច្ចលោក មីន អោងឡាំងនៅកម្ពុជា បង្ហាញពីចំណងមិត្តភាពកាន់តែរឹងមាំ

ភ្នំពេញ ៖ លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ បានលើកឡើងថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារបស់លោក មីន អោង ឡាំង មេដឹកនាំមីយ៉ាន់ម៉ា មកកម្ពុជាក្នុងរយៈពេល២ថ្ងៃ(១១-១២កញ្ញា) បានបង្ហាញយ៉ាងច្បាស់ពីការរឹតចំណងមិត្តភាពកម្ពុជា-មីយ៉ាន់ម៉ាឱ្យកាន់តែរឹងមាំនិងរីកចម្រើនទៅមុខបន្ថែមទៀត ។

ការលើកឡើងរបស់អ្នកនាំពាក្យសម្តេចតេជោ ក្រោយមានការលើកឡើងថា លោក មីន អោង ឡាំង ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាបំពេញទស្សនកិច្ចនៅកម្ពុជានេះ គឺកម្ពុជាទទួលស្គាល់របបដឹកនាំមីយ៉ាន់ម៉ាក្រោមការដឹកនាំរបស់លោក មីន អោង ឡាំង ។

ប៉ុន្តែចំពោះការលើកឡើងបែបនេះ របស់ប្រទេសមួយចំនួន ត្រូវបានលោក ជា ធីរិទ្ធបកស្រាយក្នុងសន្និសីទសារព័ត៌មានក្រោយបញ្ចប់កិច្ចជំនួបរវាងសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី កម្ពុជា និងលោក មីន អោង ឡាំង នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ថា មុនលោក មីន អោង ឡាំងមកបំពេញទស្សនកិច្ចនៅកម្ពុជា មេដឹកនាំមីយ៉ាន់ម៉ារូបនេះក៏បានបំពេញទស្សនកិច្ចនៅប្រទេសមួយចំនួនផងដែរ ។ ដូច្នេះនេះអាចសបញ្ជាក់បានចំពោះមេដឹកនាំមីយ៉ាន់ម៉ាហើយ ។
លោក ជា ធីរិទ្ធ បានថ្លែងថា ទំនាក់ទំនងកម្ពុជា-មីយ៉ាន់ម៉ាក្នុងរយៈពេល៧១ឆ្នាំកន្លងមកនេះ ប្រទេសទាំងពីរមិនដែលមានភាពល្អក់កករជាមួយគ្នាម្តងណាឡើយ ប៉ុន្តែទំនាក់ទំនងនេះហាក់ដូចជាមិនទាន់គ្រប់ជ្រុងជ្រោយនៅឡើយទេ ដែលត្រូវទាមទារឱ្យបំពេញបន្ថែមទៀត ។ ដូច្នេះក្នុងឱកាសបំពេញទស្សនកិច្ចរបស់លោក មីន អោង ឡាំងនេះជាឱកាសបន្ថែមទៀតសម្រាប់ប្រទេសទាំងពីរនៅក្នុងក្របខណ្ឌនីតិប្រតិបត្តិ និងនីតិបញ្ញត្តិអាចស្វែងរកវិធីនូវចំណុចដែលប្រទេសមិនទាន់បានសហការគ្នាបានល្អនៅឡើយ។

អ្នកនាំពាក្យបន្តថា ក្នុងជំនួបនេះ ទាំងសម្តេចតេជោនិងលោក មីន អោង ឡាំងបានឯកភាពគ្នាលើចំណុចជាច្រើនពិសេសលើស្ថាប័ននីតិប្រតិបត្តិនិងបញ្ញត្តិ ។
អ្នកនាំពាក្យគូសបញ្ជាក់ថា “ព្រះមហាក្សត្រកម្ពុជាយើងអញ្ជើញ លោកមីន អោង ឡាំងមកហើយ មានន័យថា អីចឹងបង្ហាញយ៉ាងច្បាស់ពីការរឹតចំណងមិត្តភាពរវាងកម្ពុជានិងមីយ៉ាន់ម៉ាឱ្យកាន់តែរីកចម្រើន”។

ត្រង់មានការរិះគន់ពីប្រទេសមួយចំនួននោះ អ្នកនាំពាក្យសម្តេចតេជោបញ្ជាក់ថា ជារឿងដាច់ដោយឡែក ចំណែកកម្ពុជាឈរលើគោលការណ៍គោរពទៅតាមប្រទេសជាសមាជិកអាស៊ាន ៕

To Top