វិមានក្រឹមឡាំង ជំរុញឱ្យជប៉ុន កុំធ្វើអត្ថាធិប្បាយលើវិមានរំលឹកដល់សង្គ្រាមលោកលើកទី ២
មូស្គូ៖ លោក Vladimir Medinsky ជំនួយការប្រធានាធិបតីរុស្ស៊ី បានលើកឡើងនៅក្នុងអត្ថបទមួយដែលបានចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍នៅលើគេហទំព័រផ្ទាល់ខ្លួនរបស់លោកថា ប្រទេសជប៉ុន មិនគួរកំណត់ប្រាប់អ្នកឈ្នះសង្គ្រាមលោកលើកទី ២ នោះទេថា ត្រូវសាងសង់វិមានអ្វីនៅលើទឹកដីរបស់ខ្លួន ឬវិមាននោះគួរតែបង្ហាញពីអ្វី។
ដោយធ្វើការអត្ថាធិប្បាយលើការទាមទាររបស់ជប៉ុនឱ្យរុស្ស៊ីរុះរើវិមានមួយនៅក្នុងទីក្រុង Khabarovsk របស់រុស្ស៊ី ដែលជានិមិត្តរូបនៃការរំលឹកដល់ជ័យជម្នះលើរបបយោធានិយមជប៉ុន លោក Medinsky បានលេីកឡេីងថា ទីក្រុងតូក្យូ «គួរតែរក្សាភាពស្ងៀមស្ងាត់ និងចងចាំមេរៀននៃប្រវត្តិសាស្ត្រ»។
លោកបានលេីកឡេីងថា៖ «ជប៉ុនគ្មានសិទ្ធិអ្វីនឹងទៅប្រាប់អ្នកឈ្នះសង្គ្រាមលោកលើកទី ២ ថាត្រូវសាងសង់វិមានអ្វីនៅលើទឹកដីរបស់ខ្លួននោះទេ»។
វិមាននេះ គឺជាសំណាករូបចម្លាក់ធ្វើពីសំរិទ្ធដែលមានកម្ពស់ ១៥ ម៉ែត្រ ដែលបង្ហាញពីរូបទាហានសូវៀតម្នាក់កំពុងប្រើគល់កាំភ្លើងវាយបំបែកបង្គោលព្រំដែន ដែលមានរូបផ្កា chrysanthemum (និមិត្តរូបនៃរាជវង្សជប៉ុន)។ ការសម្ពោធដាក់ឱ្យប្រើប្រាស់វិមាននេះ បានបង្កឱ្យមានប្រតិកម្មអវិជ្ជមានភ្លាមៗពីរដ្ឋាភិបាលជប៉ុន៕
ប្រែសម្រួល ឈូក បូរ៉ា
