“ជំនាញ និងការងារ៖ ផលិតភាពការងារដើម្បីកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព” ជាប្រធានបទនៃពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំនេះ
ភ្នំពេញ៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកជាផ្លូវការ ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រោមប្រធានបទ “ជំនាញ និងការងារ៖ ផលិតភាពការងារដើម្បីកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព”។ ពិធីដ៏អធិកអធម លើកទី១៦នេះ ប្រព្រឹត្តទៅក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានអ្នកចូលរួមមកពីព្រឹទ្ធសភា រដ្ឋសភា ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានីខេត្ត សភាពាណិជ្ជកម្មកម្ពុជា សមាគមឧកញ៉ា សមាគមសិល្បៈ និយោជក កម្មករនិយោជិត ដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិ សរុបជាង ១ ១០០នាក់។

ថ្លែងក្នុងពិធីបើកជាផ្លូវការ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ រំលឹកថា ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ដែលប្រៀបដូចជា “សួនការងារ” (Career Park) ដោយប្រមូលផ្តុំសហគ្រាស ក្រុមហ៊ុន និងឱកាសការងារជូនអ្នកកំពុងស្វែងរកការងារធ្វើ ត្រូវបានរាជរដ្ឋាភិបាលរៀបចំឡើងតាំងពីឆ្នាំ២០១១ ជារៀងរាល់ឆ្នាំ ដើម្បីបង្កើតជាអន្តរាគមន៍ទីផ្សារការងារ ពង្រឹងទំនាក់ទំនង និងផ្លាស់ប្តូរព័ត៌មានទីផ្សារការងារកាន់តែល្អ រវាងរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ ម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថាន TVET ជាមួយអ្នកស្វែងរកការងារធ្វើ ជាពិសេសយុវជន ព្រមទាំងបង្កើនការយល់ដឹង បណ្តុះផ្នត់គំនិតពីការបង្កើនផលិតភាពការងារ។ លោករដ្ឋមន្រ្តីបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២៥ កម្មវិធីនេះបានកៀរគរអ្នកចូលរួមទស្សនាសរុប ៤៨ម៉ឺននាក់ ក្រុមហ៊ុនចូលរួមតាំងបង្ហាញចំនួន ១ ៣៨៥ ឱកាសការងារចំនួន ២៤ម៉ឺនកន្លែង និងអ្នកបានការងារធ្វើមានជាង ១ម៉ឺននាក់ភ្លាមៗក្នុងថ្ងៃពិព័រណ៍ និងអ្នកទទួលបានការងារជាច្រើនទៀតនៅថ្ងៃបន្តបន្ទាប់។

លោកបានលើកឡើងពីយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលកម្ពុជា ដែលក្រសួងការងារបានអនុវត្តប្រកបដោយបុរេសកម្មក្នុងការពង្រឹងប្រសិទ្ធភាពយន្តការផ្តល់សេវាស្វែងរកការងារ និងវេទិកាការងារ ដើម្បីតភ្ជាប់តម្រូវការទីផ្សារការងារ និងផ្គូផ្គងកម្លាំងពលកម្មគ្រប់ជំនាញឱ្យទទួលបានឱកាសការងារយ៉ាងឆាប់រហ័ស តាមរយៈការធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងទិន្នន័យ ពង្រីកការប្រមូលព័ត៌មានឱកាសការងារ និងជំរុញការប្រើប្រាស់ថ្នាលបច្ចេកវិទ្យាឌីជីថល។ លោកមានប្រសាសន៍ថា ក្នុងរយៈពេល ៣ឆ្នាំនៃរាជរដ្ឋាភិបាលនីតិកាលទី៧ ក្រសួងបានរៀបចំវេទិកាការងារចំនួន ៧៩៦លើកដែលមានអ្នកចូលរួម ២០ម៉ឺននាក់ ពិព័រណ៍ចល័ត ២ ០២៦លើក មានអ្នកចូលរួម ២៦ម៉ឺននាក់ និងពិព័រណ៍ការងារថ្នាក់ជាតិ-រាជធានីខេត្តចំនួន ២៥លើក មានអ្នកចូលរួម ១៩ម៉ឺននាក់ដែលជួយពលរដ្ឋឱ្យទទួលបានការងារក្នុងប្រព័ន្ធប្រមាណ ៣៩ម៉ឺននាក់។ ក្រៅពីនេះ យុវជនពីគ្រួសារក្រីក្រ និងងាយរងហានិភ័យប្រមាណ ២៩,៧ម៉ឺននាក់ក៏ទទួលផលពីកម្មវិធី TVET ១,៥លានគិតតាំងពីឆ្នាំ២០២៤មក។
បន្ថែមពីនេះ ក្រោមកិច្ចសហការជាមួយក្រសួង និងភាគីពាក់ព័ន្ធ ក្រសួងជួយស្វែងរកការងារជូនអតីតពលករបានជាង ៦៥ម៉ឺននាក់ ហើយថ្មីៗនេះ ក្រសួងបានរៀបចំ “កម្មវិធីកញ្ចក់ទិព្វ” ដែលជាសេវាប្រឹក្សាយោបល់តាមរយៈថ្នាលឌីជីថល ដោយរួមបញ្ចូលវេទិកាជជែក និងប្រឹក្សាដោយផ្ទាល់ផងដែរ។ ជារួម ក្នុងរយៈពេល៣ឆ្នាំនេះ វិស័យការងារមានការរីកចម្រើនគួរជាទីមោទនៈ ក្នុងនោះចំនួនសហគ្រាស ក្រុមហ៊ុន និងរោងចក្របានកើនឡើងដល់ ៤៧ ៧៥៨, ចំនួនកម្មករនិយោជិតក្នុងប្រព័ន្ធបានកើនឡើងដល់ ២,៣លាននាក់ និងសមាជិក ប.ស.ស. ផ្នែកថែទាំសុខភាពបានកើនដល់ ៣,៨៨លាននាក់ផងដែរ។

ថ្លែងនៅក្នុងពិធីនេះ លោកឧបនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះក្រសួងការងារ និងដៃគូដែលបានរៀបចំវេទិកាដ៏សំខាន់នេះឡើងដែលមិនត្រឹមតែជាកន្លែងតាំងបង្ហាញ និងស្វែងរកការងារប៉ុណ្ណោះទេ ប៉ុន្តែជាយន្តការយុទ្ធសាស្ត្រគន្លឹះដែលផ្សារភ្ជាប់រវាងអ្នកស្វែងរកការងារ និយោជក និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាល។ លោកឧបនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះក្រសួងការងារដែលបានអន្តរាគមន៍ជួយអតីតពលករដោយបុរេសកម្ម និងការប្តេជ្ញាចិត្តខ្ពស់ ក្រោមការតម្រង់ទិសរបស់ សម្តេចតេជោ និងការដឹកនាំរបស់ សម្តេចធិបតី តាមរយៈយុទ្ធនាការ “ខ្មែរជួយរកការងារឱ្យខ្មែរ” ជាពិសេសការសិក្សាពីទីផ្សារការងារដែលជាការត្រៀមខ្លួនទាំងពេលបច្ចុប្បន្ន និងអនាគត។ តាមរយៈនេះ លោកជឿជាក់ថា ពិព័រណ៍ជាតិនាពេលនេះនឹងជំរុញការគាំទ្រ និងចូលរួមបន្ថែមទៀតពីភាគីពាក់ព័ន្ធដើម្បីពង្រឹងទំនាក់ទំនងឱ្យកាន់តែស្អិតល្មួតជាមួយរាជរដ្ឋាភិបាលដែលបង្កើនចំណេះដឹង និងបណ្តុះផ្នត់គំនិតពីការបង្កើនផលិតភាពការងារបន្ថែមទៀត។


សូមបញ្ជាក់ថា ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦ នៅថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២៦នេះ មានក្រុមហ៊ុនធំៗចូលរួមតាំងបង្ហាញចំនួន ១៥០ក្រុមហ៊ុន ដែលផ្តល់ឱកាសការងារជាង ៣៥ ០០០កន្លែងសម្រាប់ដាក់ពាក្យភ្លាម សម្ភាសភ្លាមដោយផ្ទាល់ផងដែរ៕

