Feature

ស្ថាបនិកអង្គការមិនមែនរដ្ឋាភិបាល ចែកជូនសៀវភៅរូបភាព ៣០០ក្បាល ដល់សាលាបឋមសិក្សារដ្ឋ នៅ រាជធានី និងតាមតំបន់ព្រំដែន ក្រោមការគាំទ្រពីក្រសួងអប់រំ

ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦នេះ កញ្ញា អាណ្ណា សូហ្វី អាបេ (Anna Sophie ABE) ស្ថាបនិក និងជានាយកប្រតិបត្តិនៃអង្គការមិនមែនរដ្ឋាភិបាល «Etoile Performing Arts» ចែកជូនសៀវភៅរូបភាពកុមារដែលមានចំណងជើងថា «នៅក្នុងដែនដីនៃសំឡេងកណ្ដឹងនៅក្នុងពេលដែលយប់ស្ងាត់» ចំនួន ៣០០ក្បាល ដល់សាលាបឋមសិក្សារដ្ឋទូទាំងប្រទេស។

កញ្ញា គឺជាអ្នកនិពន្ធ និងជាអ្នកគូររូបផ្ទាល់សម្រាប់សៀវភៅទ្វេភាសា (ខ្មែរ-អង់គ្លេស) នេះ ដែលត្រូវបានរចនាឡើងយ៉ាងងាយយល់ ដើម្បីលើកទឹកចិត្តឱ្យកុមារស្គាល់ពីតម្លៃនៃសំឡេងរបស់ខ្លួន ចែករំលែកគំនិតដោយការគោរព និងចូលរួមយ៉ាងសកម្មនៅក្នុងសហគមន៍។

តាមរយៈកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា សៀវភៅទាំងនេះនឹងត្រូវចាត់ចែងចែកចាយដោយផ្ទាល់ទៅកាន់សាលាបឋមសិក្សារដ្ឋចំនួន ៤០ ក្នុងរាជធានីភ្នំពេញ ព្រមទាំងផ្តល់អត្ថប្រយោជន៍ដល់សាលាបឋមសិក្សារដ្ឋនៅតាមតំបន់ព្រំដែន ដែលកុមារជាច្រើនកំពុងរងផលប៉ះពាល់ និងភៀសខ្លួនដោយសារជម្លោះផងដែរ។

ក្នុងនោះ កញ្ញា អាណ្ណា សូហ្វី អាបេ បានលោកឡើងថា សៀវភៅរូបភាពនេះរំលឹកកុមារកម្ពុជាថារាល់សំឡេងទាំងអស់សុទ្ធតែមានសារៈសំខាន់ ហើយពួកគេអាចបញ្ចេញមតិនៅក្នុងសហគមន៍របស់ខ្លួនបាន។ខ្ញុំសង្ឃឹមថាវានឹងលើកទឹកចិត្តកុមារម្នាក់ៗឱ្យមើលឃើញខ្លួនឯងថាជាអ្នករួមចំណែកយ៉ាងសកម្មក្នុងការកសាងសង្គមមួយដ៏រឹងមាំ និងប្រសើរជាងមុន។

ជាការឆ្លើយតបចំពោះការចូលរួមចំណែកនេះ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានប្រគល់ប័ណ្ណសរសើរជូនដល់កញ្ញា អាណ្ណា សូហ្វី អាបេ ដើម្បីទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះការគាំទ្រដល់ការអប់រំសហគមន៍ ក៏ដូចជាសិស្សានុសិស្សថ្នាក់បឋមសិក្សាកម្ពុជា តាមរយៈគំនិតផ្តួចផ្តើមដ៏មានអត្ថន័យនេះ។

គួររំលឹកផងដែរថា «Etoile Performing Arts» គឺជាអង្គការមិនមែនរដ្ឋាភិបាលដឹកនាំដោយយុវជន ដែលមានបេសកកម្មលើកកម្ពស់ការអប់រំសិល្បៈ ការផ្តល់ឱកាសសម្រាប់យុវជន និងការផ្លាស់ប្តូរវប្បធម៌អន្តរជាតិ តាមរយៈការតភ្ជាប់ប្រទេសកម្ពុជាទៅនឹងសិល្បករ ស្ថាប័ននានា និងទស្សនិកជនអន្តរជាតិ៕

To Top