Feature

អ៊ីរ៉ង់ អ៊ីរ៉ាក់ និងតួកគី អំពាវនាវឱ្យមានការទប់ស្កាត់ការកើនឡើងនៃភាពតានតឹងនៅតំបន់អាស៊ីខាងលិច

តេអេរ៉ង់៖ ប្រទេសអ៊ីរ៉ង់ អ៊ីរ៉ាក់ និងតួកគី បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការទប់ស្កាត់ការកើនឡើងនៃភាពតានតឹងនៅក្នុងតំបន់អាស៊ីខាងលិច។

យោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយក្រសួងការបរទេសអ៊ីរ៉ង់នៅព្រឹកថ្ងៃអាទិត្យ បញ្ហានេះត្រូវបានលើកឡើងនៅក្នុងការសន្ទនាតាមទូរស័ព្ទដាច់ដោយឡែកពីគ្នារវាងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi និងសមភាគីតួកគី និងអ៊ីរ៉ាក់របស់លោក កាលពីថ្ងៃសៅរ៍។

ក្នុងអំឡុងពេលនៃការសន្ទនាតាមទូរស័ព្ទរវាងលោក Araghchi និងរដ្ឋមន្ត្រីការបរទេសតួកគី លោក Hakan Fidan ភាគីទាំងពីរបានពិភាក្សាអំពីការវិវត្តចុងក្រោយនៅក្នុងតំបន់ និងបានសង្កត់ធ្ងន់លើតម្រូវការ​ ដើម្បីទប់ស្កាត់ការកើនឡើងបន្ថែមទៀតនៃភាពតានតឹង និងការរីករាលដាលនៃជម្លោះក្នុងតំបន់។

អ្នកការទូតទាំងពីរ​ ក៏បានអំពាវនាវឱ្យមានការបន្តការពិគ្រោះយោបល់ និងកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ដើម្បីជួយធានានូវស្ថិរភាព និងសន្តិភាពក្នុងតំបន់ផងដែរ។

នៅក្នុងការសន្ទនាតាមទូរស័ព្ទដាច់ដោយឡែកមួយទៀត លោក Araghchi និងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ាក់ លោក Fuad Hussein បានពិនិត្យមើលបញ្ហាទ្វេភាគី ការវិវត្តក្នុងតំបន់ និងដំណើរការនានាដែលកំពុងបន្ត ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាស្ថិរភាព និងសន្តិសុខនៅតាមបណ្តោយព្រំដែនរួមរបស់ពួកគេ និងការបន្តកិច្ចសហប្រតិបត្តិការសម្របសម្រួលគ្នា៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top