ព័ត៌មានអន្តរជាតិ

ទីក្រុងហូជីមិញ ត្រូវការកម្លាំងពលកម្ម​ ជំនាញរហូតដល់ ៧ ម៉ឺននាក់ ដើម្បីអភិវឌ្ឍបណ្ដាញរថភ្លើងអគ្គិសនី (Metro)

​ទីក្រុងហូជីមិញ៖ ប្រទេសវៀតណាម កំពុងប្រឈមមុខនឹងកង្វះខាតកម្លាំងពលកម្មជំនាញបច្ចេកទេស កម្រិតខ្ពស់រាប់ម៉ឺននាក់ សម្រាប់គម្រោងអភិវឌ្ឍន៍បណ្ដាញ ផ្លូវដែកទីក្រុង (Metro) របស់ខ្លួន ខណៈដែលធនធានមនុស្សនា ពេលបច្ចុប្បន្នអាចឆ្លើយតបបានត្រឹមតែមួយ ភាគតូចប៉ុណ្ណោះនៃតម្រូវការជាក់ស្តែង នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VE Express ថ្ងៃទៅ១៥ ខែកញ្ញា ឆ្នាំ២០២៦។

​យោងតាមគម្រោងបណ្តុះបណ្តាលធនធានមនុស្ស ដែលត្រូវបានអនុម័តដោយគណៈកម្មាធិការប្រជាជនទីក្រុង បានបង្ហាញថា ទីក្រុងសេដ្ឋកិច្ចមួយនេះនឹងត្រូវការបុគ្គលិកប្រមាណ ៧០ ០០០ នាក់ ត្រឹមឆ្នាំ ២០៣០ ដើម្បីគាំទ្រដល់ការវិនិយោគ និងការអភិវឌ្ឍប្រព័ន្ធរថភ្លើងអគ្គិសនីរបស់ខ្លួន។

​លោក Le Minh Triet នាយកក្រុមហ៊ុនផ្លូវដែកទីក្រុងហូជីមិញលេខ១ (HURC1) បានបញ្ជាក់ថា គ្រាន់តែការដាក់ឱ្យដំណើរការខ្សែរថភ្លើង Metro លេខ១ (Bến Thành – Suối Tiên) តែមួយខ្សែ គឺតម្រូវឱ្យមានបុគ្គលិកជំនាញរាប់រយ ទៅដល់ជិត ១ ០០០ នាក់បាត់ទៅហើយ ដើម្បីធានាដល់ប្រតិបត្តិការជើងរថភ្លើងជិត ២០០ ជើងជារៀងរាល់ថ្ងៃ។
​នៅពេលដែលទីក្រុងបន្តវិនិយោគលើខ្សែរថភ្លើង ជាច្រើនខ្សែទៀតនាពេលខាងមុខ តម្រូវការធនធានមនុស្សនឹងកើនឡើងយ៉ាងគំហុក។ ក្នុងចំណោមតម្រូវការបុគ្គលិក ៧ ម៉ឺននាក់ត្រឹមឆ្នាំ ២០៣០។

​មិនត្រឹមតែត្រឹមឆ្នាំ ២០៣០ នោះទេ ផែនការរយៈពេលវែងពីឆ្នាំ ២០៣០ ដល់ ២០៤៥ ទីក្រុងនឹងត្រូវការធនធានមនុស្សកើនឡើងទ្វេដង ដើម្បីត្រៀមខ្លួនគ្រប់គ្រងបណ្តាញរថភ្លើង Metro ដែលមានប្រវែងរហូតដល់ ៧០០ គីឡូម៉ែត្រ។
​តម្រូវការដ៏ធំធេងនេះ កំពុងជំរុញឱ្យសាកលវិទ្យាល័យ និងវិទ្យាស្ថានស្រាវជ្រាវនានា ដាក់អាទិភាពខ្ពស់លើការបណ្តុះបណ្តាលវិស្វករឯកទេសគុណភាពខ្ពស់ ជាពិសេសផ្នែកដឹកជញ្ជូនវៃឆ្លាត (Smart Transportation)។ គោលដៅចម្បងគឺបង្កើតវិស្វករជំនាន់ថ្មី ដែលមានសមត្ថភាពគ្រប់គ្រងគម្រោងហេដ្ឋារចនាសម្ព័ន្ធតម្លៃ “រាប់ពាន់លានដុល្លារ” ដោយខ្លួនឯង។

​លោក Nguyen Quoc Trung អគ្គនាយករងក្រុមហ៊ុន Dai Quang Minh (អ្នកម៉ៅការសាងសង់ Metro ខ្សែលេខ២) បានសង្កត់ធ្ងន់ថា ការបណ្តុះបណ្តាល និងធ្វើស្តង់ដារធនធានមនុស្សត្រូវតែជាកត្តាអាទិភាព ដោយហេតុថា “ប្រទេសវៀតណាមមិនអាចបន្តពឹងផ្អែកលើអ្នកជំនាញបរទេសរហូតនោះទេ”។

​ជាការឆ្លើយតបទៅនឹងបញ្ហានេះ ថ្មីៗនេះអាជ្ញាធរគ្រប់គ្រងផ្លូវដែកទីក្រុង (MAUR) និងក្រុមហ៊ុនបច្ចេកវិទ្យា-ទូរគមនាគមន៍សកល (GTEL) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីការស្រាវជ្រាវរួមបញ្ចូលប្រព័ន្ធ និងការផ្ទេរបច្ចេកវិទ្យា។ កិច្ចសហប្រតិបត្តិការនេះ នឹងផ្តោតជាបន្ទាន់លើការស្រាវជ្រាវ និងការអនុវត្តសម្រាប់គម្រោង Metro ខ្សែលេខ២ និងគម្រោងផ្លូវដែកទីក្រុងផ្សេងទៀត ដែលនឹងត្រូវអនុវត្តចន្លោះឆ្នាំ ២០២៦ ដល់ ២០៣០ នេះ។
​
ប្រែសម្រួល៖ គីរី

To Top