ព័ត៌មានអន្តរជាតិ

តម្លៃប្រេងកើនឡើង ខណៈការផ្អាកដំណើរការបំពង់បង្ហូរប្រេង របស់អារ៉ាប៊ីសាអូឌីត និងការវាយប្រហារថ្មីៗ បង្កើនក្តីបារម្ភអំពីការផ្គត់ផ្គង់

បេទេស៖ តម្លៃប្រេងបានកើនឡើង នៅថ្ងៃអង្គារ ដោយសារនៅតែមានក្តីបារម្ភអំពីការរំខានដល់ការផ្គត់ផ្គង់ បន្ទាប់ពីការវាយប្រហារ លើហេដ្ឋារចនាសម្ព័ន្ធ ថាមពលរបស់ប្រទេសអារ៉ាប៊ីសាអូឌីត បានធ្វើឱ្យបំពង់បង្ហូរប្រេងតភ្ជាប់ពីភាគខាងកើត ទៅភាគខាងលិច របស់ប្រទេសនេះ ត្រូវផ្អាកដំណើរការ និងបង្កជាការសង្ស័យលើកិច្ចខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយហានិភ័យ នៃការដឹកជញ្ជូនតាមផ្លូវសមុទ្រនៅក្នុងតំបន់ឈូងសមុទ្រ។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ថា តម្លៃប្រេងឆៅ Brent បានកើនឡើង ១,៣៧ ដុល្លារ ឬ ១,៣% ដល់ ១០៧,០៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) របស់សហរដ្ឋអាមេរិក បានកើនឡើង ១,៥៣ ដុល្លារ ឬ ១,៥១% ដល់ ១០២,៩២ ដុល្លារក្នុងមួយបារ៉ែល។ តម្លៃប្រេងគោលទាំងពីរនេះបានកើនឡើងជាង ១% រួចមកហើយនៅក្នុងការជួញដូរលើកមុន។

កងកម្លាំង Houthi ដែលមានអ៊ីរ៉ង់គាំទ្រ នៅក្នុងប្រទេសយេម៉ែន បានបើកការវាយប្រហារថ្មីមួយទៀតលើប្រទេសអារ៉ាប៊ីសាអូឌីតកាលពីថ្ងៃចន្ទ ខណៈដែលបណ្តាប្រទេសអារ៉ាប់ ក្នុងតំបន់ឈូងសមុទ្របានពន្យារពេលការពិភាក្សាដែលបានគ្រោងទុកជាមួយអ៊ីរ៉ង់ ដែលធ្វើឱ្យមានការព្រួយបារម្ភថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងរីករាលដាលកាន់តែធំ និងបង្កការរំខានដល់ការផ្គត់ផ្គង់ប្រេងសកល។

ក្រុម Houthi បានធ្វើការវាយប្រហារដោយប្រើមីស៊ីល និងយន្តហោះគ្មានមនុស្សបើក (drone) ទៅលើមូលដ្ឋានទ័ពអាកាស Khamis Mushait នៅភាគខាងត្បូងប្រទេសអារ៉ាប៊ីសាអូឌីត ដោយបានវាយប្រហារចំឃ្លាំងយន្តហោះ ប្រព័ន្ធរ៉ាដា ផ្លូវរត់របស់យន្តហោះ និងឃ្លាំងស្តុកគ្រាប់រំសេវ ដើម្បីជាការសងសឹកចំពោះការវាយប្រហារ របស់អារ៉ាប៊ីសាអូឌីតនៅក្នុងប្រទេសយេម៉ែន។

To Top