សហរដ្ឋអាមេរិក បញ្ជាក់ជាលើកដំបូងថា ខ្លួនបានដាក់ពង្រាយ អាវុធនៅក្នុងលំហអាកាស
បរទេស៖ មន្ត្រីអាមេរិកបានថ្លែងថា សហរដ្ឋអាមេរិក បានដាក់ពង្រាយធនធាន នៅក្នុងលំហអាកាស ហើយនឹងប្រើប្រាស់ធនធានទាំងនោះ ដើម្បីការពារកងកម្លាំងរបស់ខ្លួនពី «សកម្មភាពអរិភាព»។
យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ថា នៅក្នុងសន្និសីទប្រចាំឆ្នាំស្តីពីលំហអាកាស និងសាយប័រ (Aerospace and Cyber Conference) ដែលបានធ្វើឡើងនៅរដ្ឋ Maryland កាលពីថ្ងៃទី ១៤ ខែកញ្ញា លោក Troy Meink ដែលជារដ្ឋមន្ត្រីទទួលបន្ទុកកងទ័ពអាកាស បានប្រកាសថា បច្ចុប្បន្នសហរដ្ឋអាមេរិកមាន «អាវុធលំហអាកាសមួយកំពុងស្ថិតនៅក្នុងគន្លងគោចរ» ដោយមិនបានបញ្ជាក់លម្អិតអំពីប្រភេទនៃអាវុធនោះទេ។ លោកបានបញ្ជាក់ថា អាវុធនេះនឹងត្រូវបានប្រើប្រាស់ដើម្បី «គ្រប់គ្រងលំហអាកាស» និងការពារកងកម្លាំងអាមេរិកពី «សកម្មភាពអរិភាពរបស់សត្រូវ»។
មន្ត្រីម្នាក់ដែលមិនបញ្ចេញឈ្មោះបានប្រាប់កាសែត Washington Post ថា កងទ័ពអាមេរិកអាចនឹងធ្វើឱ្យអាវុធនោះដំណើរការដើម្បីបាញ់ទម្លាក់ផ្កាយរណបរបស់គូប្រជែង ប្រសិនបើឧបករណ៍នោះត្រូវបានប្រើប្រាស់ដើម្បីកំណត់គោលដៅលើកងកម្លាំង ឬផ្កាយរណបរបស់សហរដ្ឋអាមេរិក។
ប្រទេសរុស្ស៊ី និងចិន ត្រូវបានគេចាត់ទុកថាជាការគំរាមកំហែងដែលអាចកើតមានចំពោះសហរដ្ឋអាមេរិកនៅក្នុងលំហអាកាស។
យោងតាមមន្ត្រីនៃកងកម្លាំង លំហអាកាសសហរដ្ឋអាមេរិក (USSF) បានឱ្យដឹងថា រុស្ស៊ីមើលឃើញលំហអាកាសថា ជាសមរភូមិសង្គ្រាមមួយ ហើយជឿជាក់ថាការគ្រប់គ្រង លំហអាកាសនឹងក្លាយជាកត្តាសម្រេច នៅក្នុងជម្លោះនាពេលអនាគត ខណៈដែលប្រទេសចិនកំពុងអភិវឌ្ឍ និងប្រតិបត្តិការសមត្ថភាពផ្នែកលំហអាកាស ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រទំនើបកម្មយោធារបស់ខ្លួន។
ប្រែសម្រួលៈ ណៃ តុលា
