Feature

១០ថ្ងៃ ! នគរបាលជាតិ បង្ក្រាបក្មេងទំនើង និងអ្នកវក់ល្បែង ១១៩នាក់

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនៃក្រសួងមហាផ្ទៃ បានបន្តបង្ក្រាបក្រុមក្មេងទំនើង និងអ្នកវក់ល្បែងយ៉ាងម៉ឺងម៉ាត់ ដោយគ្មានការលើកលែងឡើយ។ ជាលទ្ធផល ក្នុងរយៈពេល ១០ថ្ងៃដើមខែកញ្ញានេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សសរុប ១១៩នាក់ បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ ដែលតួលេខនេះមានការកើនឡើង២ករណី មនុស្សកើន៣៣នាក់ បើធៀបនឹងរយៈពេលដូចគ្នាកាលពីដើមខែសីហា។

យោងតាមរបាយការណ៍ក្រសួងមហាផ្ទៃ ក្នុងចំណោមបទល្មើសទាំងពីរ សមត្ថកិច្ចបានបង្ក្រាបករណីក្មេងទំនើង២២ករណី ឃាត់ខ្លួនក្រុមក្មេងទំនើងសរុប១០៣នាក់បញ្ជូនទៅតុលាការ និងបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានី-ខេត្ត។ តួលេខនេះមានការកើនឡើង ១៩នាក់ បើធៀបនឹង ១០ថ្ងៃដើមខែសីហា។

ដោយឡែក ករណីល្បែងស៊ីសង សមត្ថកិច្ចបង្ក្រាបបាន ៤ករណី ឃាត់ខ្លួនមនុស្សសរុប ១៦នាក់ ក្នុងនោះ ១៤នាក់ ត្រូវបានបញ្ជូនទៅតុលាការ និង ២នាក់ផ្សេងទៀត អប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព។ បើធៀបនឹងខែសីហា ករណីល្បែងស៊ីសងកើនឡើង ២ករណី និងមនុស្សកើន១៤នាក់។

គូសបញ្ជាក់ថា ផ្អែកតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា សកម្មភាពក្មេងទំនើងដែលបង្កអសន្តិសុខ និងហិង្សាក្នុងសង្គម ត្រូវប្រឈមមុខនឹងបទល្មើសជាច្រើននៅក្នុងក្រមព្រហ្មទណ្ឌ។ មាត្រា ២១៧ (បទហិង្សាដោយចេតនា) ការកាប់ចាក់ ឬវាយតប់គ្នា បង្កឱ្យមានរបួសស្នាម ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លាន ទៅ ៦លានរៀល។

ទាក់ទិននឹងបទល្មើសល្បែងស៊ីសង យោងតាមច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង ឆ្នាំ១៩៩៦ មាត្រា ៤ អ្នកលេងល្បែង ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ១ម៉ឺន ទៅ ៥ម៉ឺនរៀល និងដាក់ពន្ធនាគារពី ១សប្តាហ៍ ទៅ ១ខែ ករណីមិនរាងចាល ត្រូវពិន័យពី ៥ម៉ឺន ទៅ ៥សែនរៀល និងជាប់ពន្ធនាគារពី ១ខែ ទៅ ១ឆ្នាំ៕

To Top